ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនរេចង្កូតឡើងលើសួនច្បារពុះចែកផ្លូវទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-7761 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវរួចហើយទៅបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យបាក់មួយដើមរាបដល់ដី តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ