ច្រកព្រំដែនកម្ពុជា_ថៃកំពុងមមាញឹកទទួលពលករកើនឡើងដល់ខ្ទង់ពាន់ក្នុងមួយថ្ងៃ រកឃើញកូវីដ-១៩តិចតួច

ចែករំលែក៖

ឧត្ដរមានជ័យ៖ ខណៈថ្ងៃចូលឆ្នាំថ្មីខិតជិតមកដល់កាន់តែមានកំណើនពលករខ្មែរវិលមកពីថៃ ដល់ខ្ទង់ ពាន់នាក់ តាមច្រកព្រំដែននានាជាប់ជាមួយប្រទេសថៃមានការកើនឡើងគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយគេសង្កេតឃើញថា អាជ្ញាធរមានការយកចិត្តទុកដាក់ខ្លាំងក្នុងការតាមដានរកមើលក្រែងមានអ្នកជំងឺកូវីដ19 ឆ្លងព្រំដែន។ បើតាមសមត្ថកិច្ចមើលឃើញថាមានអ្នកវិជ្ជមាន 19តិចតួចបំផុតត្រឡប់មកប្រទេសវិញ។ អាជ្ញាធរនៅតាមច្រកព្រំដែនមានការរឹតត្បិតពិនិត្យច្បាស់លាស់ចំពោះបញ្ហាសុខភាពរបស់ពលករមុននឹងអនុញ្ញាតឲ្យចូលក្នុងប្រទេស។

តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដែលមានចរន្តពលករសំរុកចេញពីប្រទេសថៃរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ តែរកឃើញករណីវិជ្ជ មានកូវីដ-១៩ តែពីរបីករណីប៉ុណ្ណោះ ។ ប្រភពពីមន្ត្រីច្រកព្រំដែនអូរស្មាច់ បានឱ្យដឹងថា ចាប់តាំងពីចុងខែមីនា រហូតមកដល់ពេលនេះ រំហូរពលករខ្មែរវិលមកពីប្រទេសថៃ មានចំនួនច្រើនជារៀងរាល់ថ្ងៃ ចាប់ពីចំនួន ៥០០នាក់ រហូត​ដល់ប្រមាណ១ពាន់នាក់។ បច្ចុប្បន្នេះ តែមានអ្នកវិជ្ជមានកូវីដ-១៩តិចតួចទេ ដោយសារតែពលករទាំងនោះ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស។

មន្ត្រីច្រកព្រំដែន ខាងលើបានឱ្យដឹងទៀតថា បើទោះជាមិនមានករណីវិជ្ជមានកូវីដ-១៩ច្រើនក្ដី តែវិធានការ​ទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ នៅតាមច្រកព្រំដែន ​នៅតែត្រូវបានរឹតបន្តឹង។ មន្ត្រីខាងលើបាននិយាយថា យើងមិនធ្វេសប្រហែលនោះទេ គឺសមត្ថកិច្ចរបស់យើងបានត្រួតពិនិត្យហ្មត់ចត់ខ្លាំងណាស់ចំពោះបញ្ហាសុខភាពប្រជាពលករដែលត្រឡប់មកពីប្រទេសថៃខ្លាចក្រែងមានជំងឺកូវីដ19។ ប៉ុន្តែយើងកត់សម្គាល់ឃើញថាក្នុងចំណោម 1000 នាក់មានតែពីររូបបីករណីប៉ុណ្ណោះដែលសង្ស័យវិជ្ជមានកូវីដ19។

ចំណែកការឆ្លងក្នុងសហគមន៍ខេត្តឧត្ដរមានជ័យវិញ ​បើតាមការឱ្យដឹងពីមន្ត្រីសុខាភិបាល ​គឺមានការធ្លាក់ចុះដែរ ​ដោយសាតែប្រជាពលរដ្ឋ ​បានទទួលការចាក់វ៉ាក់សាំង ​ស្ទើរតែ១០០ភាគរយ។ ប៉ុន្តែទោះបី ​ជាដូច្នេះក្ដី មន្ត្រីសុខាភិបាល ​សហការជា​មួយអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយអប់រំ​ប្រជាពលរដ្ឋ ​ឱ្យបន្តអនុវត្តវិធានសុខាភិបាល និងវិធានបីកុំ បីការពារ ពិសេសត្រូវទៅទទួលការ​ចាក់​វ៉ាក់សាំង​ឱ្យបានគ្រប់ដូស​ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print