ត្រាក់ទ័រភ្ជួរដីជាន់មីនតោនផ្ទុះទាំងកណ្តាលយប់របួសអ្នកបើកបរធ្ងន់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មីននៅតែជាបញ្ហាដែលមិនទាន់ដោះ ស្រាយឲ្យចប់សព្វគ្រប់ទាំងស្រុងនៅឡើយ ហើយវាបានបង្កគ្រោះថ្នាក់ជារឿយៗដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ជាពិសេសអ្នកបើកបរត្រាក់ទ័រឬគោយន្តដីស្រែចំការ។ បើតាមគណនីហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីននៅកម្ពុជាបានឲ្យដឹងអំពីករណីគ្រោះថ្នាក់ដោយសារគ្រាប់មីនមួយថ្មីទៀតនៅឯខេត្តព្រះវិហារបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់និងត្រាក់ទ័រក៏រងការខូចខាតផងដែរ។

លោកអគ្គនាយកបានឲ្យដឹងថា នៅថ្ងៃសុក្រ៧កើត​ ខែចេត្រឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៨ខែ មេសាឆ្នាំ២០២២​ នៅវេលាម៉ោង២និង៤៥នាទីទាបភ្លឺ មានករណីត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់មីនតោនបណ្តាលឲ្យផ្ទុះ​បង្ករបួសធ្ងន់ចំពោះអ្នកបើកបរ​និងខូចខាតត្រាក់ ទ័រ។  គ្រោះថ្នាក់នេះស្ថិតទីតាំងផ្ទុះចំណុចស្រែអូរសឹង្ហខាងកើតភូមិកន្ទួត​ រីឯអ្នកបេីកបររស់នៅក្នុងភូមិមរតកតេជោ​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​ នេះជាវិនាសកម្មដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម​ ហេីយប្រជាពលដ្ឋខិតខំរកសុីចិញ្ចឹមជីវិតនិងកសាងសេដ្ឋកិច្ចគ្រួសារ​ទាំងយប់ម៉ោងប្រមាណជិត០៣ទាបភ្លឺ។

ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋជាកសិករតែងតែរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ទាំងនេះគឺដោយសារតែបញ្ហាសង្រ្គាមអូសបន្លាយរយៈពេលជាយូរឆ្នាំនៅក្នុងប្រទេសកម្ពុជា។ បើទោះបីជាបច្ចុប្បន្ននេះសន្តិភាពបាននិងកំពុងគ្របដណ្ដប់លើផ្ទៃប្រទេសទាំងស្រុងក៏ដោយប៉ុន្តែគ្រាប់មីនដែលកប់នៅក្នុងដីមិនទាន់បានសម្អាតអស់រួចរាល់នៅឡើយទេ។ ដូច្នេះបើប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីននៅទីកន្លែងណានោះគួរប្រញាប់រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់៕

    

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print