កាន់តែធ្ងន់ហើយ! រុស្ស៊ីព្រមានពីការប្រឈមមុខដោយយោធាជាមួយអាមេរិកផ្ទាល់

ចែករំលែក៖

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអាមេរិក លោក Anatoly Antonov បានព្រមានថា សកម្មភាពរបស់បណ្តាប្រទេសលោកខាងលិចនៅក្នុងប្រទេសអ៊ុយក្រែន នឹងជំរុញឱ្យមានការប្រឈមមុខដាក់គ្នាដោយយោធារវាងអាមេរិក នឹងរុស្ស៊ី ។

លោក Anatoly Antonov បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Newsweek ថា «សកម្មភាពបញ្ជូនអាវុធបន្ថែមរបស់បណ្តាប្រទេសលោកខាងលិចទៅឱ្យអ៊ុយក្រែន នឹងបង្កឱ្យមានការបង្ហូរឈាមកាន់តែខ្លាំង ។ នេះជាសកម្មភាពបង្កគ្រោះថ្នាក់ដល់ទីក្រុងមូស្គូ និងជាការឌឺដងរុស្ស៊ីប្រកបដោយគ្រោះថ្នាក់ ។ សកម្មភាពខាងលើនឹងជំរុញអាមេរិក -រុស្ស៊ីប្រឈមមុខដាក់គ្នាដោយយោធាផ្ទាល់»។
លោក Anatoly Antonov បញ្ជាក់ថា សម្ភារសឹកដែលលោកខាងលិចបញ្ជូនទៅឱ្យអ៊ុយក្រែន គឺជាគោលដៅវាយប្រហារស្របច្បាប់របស់កម្លាំងទាហានរុស្ស៊ី។ ការប្រកាសខាងលើរបស់មន្ត្រីការទូតរុស្ស៊ីកើតឡើងក្នុងពេលដែលប្រទេសលោកខាងលិចបានបង្កើនជំនួយអាវុធទំនើបៗដល់អ៊ុយក្រែន ក្នុងនោះមានទាំងសមាជិកប្រទេសណាតូទៀតផង។
ពាក់ព័ន្ធនឹងការបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែន ឯកអគ្គរដ្ឋទូត Anatoly Antonov បានបញ្ជាក់ថា គោលដៅនៅក្នុងការធ្វើសង្គ្រាមនោះគឺដើម្បីបញ្ជប់កម្លាំងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែននិងសព្វាវុធ ខណៈដែលប្រទេសលោកខាងលិចកំពុងតែប្រើប្រាស់អ៊ុយក្រែនដើម្បីប្រឆាំងរុស្ស៊ី។
លោក Anatoly Antonov បញ្ជាក់ទៀតថា យុទ្ធនាការយោធានៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ គឺចាប់ផ្តើមចេញពីព្រឹត្តិការណ៍ កាលពី៨ឆ្នាំមុន នៅពេលមានបាតុកម្ម Euromaindan បង្កឱ្យមានការធ្វើរដ្ឋប្រហារបង្ហូរឈាម ផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនស្របច្បាប់។ តាំងពីពេលនោះមក ក្រុមមានទស្សនៈជ្រុលនិយមបានឡើងដឹកនាំអ៊ុយក្រែនរហូតមក ៕ ដោយធីរីណា

...

រូបថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print