បន្ទាប់ពីទីក្រុងសៀងហៃ ពេលនេះគឺក្រុងក្វាងចូវ ប្រទេសចិន ត្រូវបង្ខំធ្វើតេស្តលើពលរដ្ឋទាំងអស់ ១៨លាននាក់នៅក្នុងទីក្រុងនេះ ក្រោយពីរកឃើញមានករណីឆ្លងកូវីដ-១៩ចំនួន២នាក់ប៉ុណ្ណោះ។
តាមតួលេខផ្លូវការនៅក្នុងថ្ងៃទី ៨ខែមេសា នៅទូទាំងប្រទេសចិនបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ២៥.៧០១នាក់ថ្មីក្នុងពេល ២៤ម៉ោង ។ ក្នុងចំណោមអ្នកឆ្លងនៅទីក្រុងសៀងហៃមានរហូតដល់ទៅ ២៣.៦០០នាក់ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ។ ក្នុងចំណោមអ្នកឆ្លងនៅទីក្រុងសៀងហៃ គឺមានជាង២២.៦០០នាក់។
ស្នងការរងទីក្រុងសៀងហៃ លោក Zong Ming បានប្រកាសនៅក្នុងសន្និសីទកាសែតនាថ្ងៃទី៩ខែមេសា ស្តីពីការផ្លាស់ប្តូរទម្រង់ទប់ស្កាត់កូវីដ-១៩ នៅទីក្រុងសៀងហៃ ។ តំបន់ដែលមានករណីឆ្លងគឺត្រូវបិទខ្ទប់ ហើយពលរដ្ឋមិនអនុញ្ញាតឱ្យចេញពីផ្ទះនោះឡើយ ។ ចំណែកតំបន់ដែលមិនមានករណីឆ្លងគឺអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញពីផ្ទះធម្មតា ។
ដោយការបិទខ្ទប់ទីក្រុងសៀងហៃ រាល់ទំនិញនាំចេញចូលនៅក្នុងទីក្រុងនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដល់ការចែកចាយទំនិញនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសចិន ។
ទន្ទឹមនឹងនោះ ទីក្រុងដែលមានពលរដ្ឋ១៨លាននាក់ មាន១១ខណ្ឌ គឺទីក្រុងក្វាងចូវ ក៏បានស្នើពលរដ្ឋធ្វើតេស្តទាំងអស់ដែរក្រោយរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២ករណី ។ ករណីឆ្លងទាំងពីរនាក់នោះមិនមានអាការៈនោះឡើយ៕ ដោយធីរីណា