រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  គ្រួសារខ្ញុំបានទាញទ្វារផ្ទះនិងទ្វាររបងបិទចាក់សោយ៉ាងគត់មត់។ យើងធ្វើដំណើរចាកចេញពីផ្ទះយ៉ាងកណ្ដោចកណ្ដែងក្នុងដំណើរមួយៗដោយម្នាក់ៗចូលនៅស្ពាយបង្វិចសម្លៀកបំពាក់រួមជាមួយស្បៀងអាហារទុកហូបតាមផ្លូវតិចតួច។ ឆ្លងកាត់ហ្វូងមហាជនយ៉ាងច្រើនកុះករចង្អៀតណែនដូចកន្តំ គ្រួសារខ្ញុំបានធ្វើដំណើរពីម្ដុំមន្ទីរពេទ្យព្រះសង្ឃឆ្ពោញទៅផ្លូវជាតិលេខ ៤ តាមការកំណត់បង្ហាញរបស់អង្គការអាវខ្មៅចង្អុល។ ទាំងគ្រួសារគេ គ្រួសារខ្ញុំម្នាក់ៗបែកញើសជោកពេញខ្លួនដោយប្រឹងទូលរែកនង្វិច និងខ្លះទៀររុញរទេះ ឬដឹកតាមរានកង់រានម៉ូតូទៅតាមលទ្ធភាពដែលធ្វើបាន។ ដោយឡែកក្រុមអភិជនមានលុយនិងទ្រព្យច្រើនហូរហៀរ បានធ្វើដំណើរតាមរថយន្តរបស់ពួកគេក្នុងដំណើរយឺតៗមិនអាចលឿនបានទេ និងពេលខ្លះនាំគ្នារុញដូចរទេះដែរ។ យើងទាំងអស់គ្នាមានចំនួនរាប់ម៉ឺន សែននាក់បានធ្វើដំណើរតាមផ្លូវជាតិលេខ ៤ តែត្រូវបានកងទ័ពអាវខ្មៅកំណត់ឱ្យដើរតែម្ខាងផ្លូវទេគឺផ្លូវប៉ែកខាងជើង ឯម្ខាងទៀតប៉ែកខាងត្បូងទុកឱ្យកងទ័ពរំដោះចល័តទ័ពទៅវិញទៅមកនិងបណ្ដើរក្រុមឈ្លើយសឹក(ទាហានលន់ នល់) យកទៅកម្ទេចចោល។អង្គការខ្មែរក្រហមប្រាប់ថាពួកខ្មាំងចក្រពត្តិអាមេ៉រិកាំងមិនទាន់ចុះចាញ់នៅឡើយទេ ដូច្នេះកងទ័ពបដិវត្តន៍ត្រូវតែមានស្មារតីប្រុងប្រយ័ត្ននិងត្រូវតាមកម្ទេចបោសសម្អាតពួកខ្មាំងសត្រូវឲ្យអស់ ។ រីឯនៅតាមចិញ្ចើមផ្លូវជាតិលេខ ៤ ទាំងសងខាងពោរពេញដោយសាកសពទាហាន លន់ នល់ ក្នុងសម្លៀកបំពាក់យោធាពណ៌កាគីនិងក្រឡាខ្លាឃ្លោកស្លាប់យ៉ាងរដូករណែលហើមស្ពីង។ ពេលមុននេះសមមិត្តពាក់អាវខ្មៅពីរទៅបីនាក់ស្រែកគំរាមប្រជាជនកំពុងធ្វើដំណើរយ៉ាងកកកុញ ព្រមទាំងចង្អុលទៅលើសាកសពថា ” បើសមមិត្តណារឹងទទឹងមិនធ្វើតាមបញ្ជាអង្គការ គឺអង្គការនឹងកម្ទចចោលដូចពួកខ្មាំងទាំងអស់នេះអ៊ីចឹង។ ពួកវាជាឈ្លើយសឹកចូលដៃជើងជាមួយចក្រពត្តិអាម៉េរិកបំផ្លាញកងទ័ពតស៊ូរបស់អង្គការ ដូច្នេះត្រូវតែសងសឹកឈាមសងដូចឈាម ” ។ និយាយសឹងចប់មិនទាន់ គ្រាប់កាំភ្លើងអាកាជិតកន្លះបង់ បានហោះចេញពីក្នុងកាណុងរបស់សមមិត្តកងទ័ពអាវខ្មៅសំដៅទាហានជាចំណាប់ខ្មាំង ដែលគេចងស្លាបសេកបណ្ដើរប្រមាណជិត ១០ នាក់។ ខ្ញុំខំចោលកន្ទុយភ្នែកមើលក្រុមទាហានលន់ នល់ ដែលអង្គការចាត់ទុកថា ជាឈ្លើយសឹកទាំងនេះ ខ្លះគ្មានស្រែកមួយមាត់ដួលខ្ពកបិទភ្នែកស្លាប់ទាំងឈឺចាប់ ខ្លះស្រែកអូយជួយផង! និងខ្លះទៀតប្រកាច់ននៀលដីស្រែករកម្ដាយម៉ែអើយជួយកូនផង! ។ មិនថាគេថាខ្ញុំទិដ្ឋភាពសម្លាប់មនុស្សយ៉ាងសាហាវមិនដែលជួបបែបនេះធ្វើម្នាក់ៗ ភ័យញ័រខ្លួនភ្នែកនៅកញ្ចឹងក សែនតក់ស្លុតនិយាយលែងចេញ។

  ក្នុងដំណើរយឺតៗដូចអណ្ដើកវារជាមួយបងប្អូនខ្មែររាប់ម៉ឺនសែននាក់ គ្រួសារខ្ញុំដែលចាកចេញពីលំនៅដ្ឋានទាំងទឹកភ្នែកនោះ បានចំណាយពេលជាង ៥ ម៉ោងគឺចាប់ពីម៉ោង  រសៀលដល់ម៉ោង ៧ យប់ទើបមកដល់មុខបន្ទាយប៉ារ៉ាដែលមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រប៉ុណ្ណោះពីមន្ទីរពេទ្យព្រះសង្ឃ។ អ្វីដែលខ្លោចផ្សាហួសពីការស្មាននោះគឺឪពុករបស់ខ្ញុំដែលមានវ័យជាង ៧០ ឆ្នាំទៅហើយគាត់មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនដើរមិនរួចគាត់ប្រឹងដោលជាមួយឈើច្រត់កញ្ចាស់មួយទាំងត្រដាបត្រដួស ដែលពេលខ្លះគាត់ដួលត្រង់ច្រងាប់ច្រងិល ដោយការប្រជ្រៀតគ្នាយ៉ាងណែនណាន់តាន់តាប់ និងពេលខ្លះគាត់អង្គុយលែងក្រោកគ្រវីក្បាលសម្រក់ទឹកភ្នែកប្រាប់ពួកខ្ញុំថា ” ពុកទៅមុខទៀតលែងរួចហើយកូន! យើងទាំងអស់គ្នាគ្មានវាចានឹងថ្លែងក្រៅពីនាំគ្នាសម្រក់ទឹកភ្នែករាប់ពាន់ដំណក់តាមអ្នកមានគុណនោះឡើយ។

(នៅមានត)

...

ពិនិត្យនិងស្រាវជ្រាវដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print