សម្ដេចតេជោ ស្នើភាគីឡាវជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងសក្តានុពលផ្សេងទៀតឱ្យកាន់តែប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យឡាវជំរុញសកម្មភាពពាណិជ្ជកម្មនៅតាមព្រំដែន និងសក្តានុពលផ្សេងៗទៀត រវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។

នៅវិមានសន្តិភាពព្រឹកថ្ងៃទី១១មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យ លោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ចូលជួបសំដែងការគួរសម។

លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក បួកែវ ភុំវង់សាយ បានគោរពថ្លែង អំណរគុណយ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្ដេច​ដែល​បាន​ចំណាយ​ពេល អនុញ្ញាត​ឲ្យលោកបានជួបសំដែងការគួរសម។

ឯកអគ្គរដ្ឋទូតក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏បានអរគុណ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​ដល់​រដ្ឋាភិបាល​ និងប្រជាជនឡាវ​ក្នុងការ​ទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩​ តាមរយៈការជួយឧបត្ថម្ភវ៉ាក់សាំង រថយន្ត​ដឹកជញ្ជូនវ៉ាក់សាំង​ព្រមទាំងថវិកាជួយ​ដល់​រដ្ឋាភិបាល​ឡាវ ។ លោកក៏បាននាំមកពាក្យ​បណ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខពី​ប្រធានាធិបតី​ និង​នាយក​រដ្ឋ​មន្ត្រីឡាវ​ជូន​ចំពោះ​សម្ដេចតេជោ ផងដែរ ។

ជាការឆ្លើយតប សម្តេចតេជោ ក៏បានស្វាគមន៍និងអបអរសាទរជូនចំពោះលោកភុំវង់សាយ ដែលត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតថ្មី​នៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និង​បានស្នើភាគីឡាវជម្រុញសកម្មភាពផ្លាស់ប្តូរ​ពាណិជ្ជកម្មតាមព្រំដែន​និងពិនិត្យមើលសក្តានុពលផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតថ្មីក៏បានប្ដេជ្ញាជូនចំពោះសម្ដេចជួបផងដែរថា ក្នុង​បេសកកម្ម​ជាអ្នកការទូត​នៅនៅព្រះរាជាណាចក្រកម្ពុជាលោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បី​ពង្រីក ពង្រឹង​ទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ឲ្យកើនឡើងមួយកម្រិតទៀត ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​ល្អដែលមានស្រាប់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print