ទីក្រុងសៀងហៃបានកាត់បន្ថយការរឹតត្បិតប្រឆាំងនឹងកូវីដ-១៩ ក្រោយពេលក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភពីការទប់ស្កាត់កូវីដ- ១៩ យ៉ាងតឹងតែងបំផុត ។ ការរឹតត្បិតបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូនទំនិញនៅជុំវិញពិភពលោក។
ដោយសារតែការរឹតត្បិតក៏ដូចជាករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ នៅថ្ងៃទី១១ខែមេសា អាមេរិកបានស្នើដល់បុគ្គលិកស្ថានកុងស៊ុលរបស់ខ្លួនដែលមិនចាំបាច់ឱ្យចាកចេញពីទីក្រុងសៀងហៃដើម្បីបន្ថយផលប៉ះពាល់ដោយការទប់ស្កាត់កូវីដ-១៩យ៉ាងតឹងតែងនៅទីនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំងបានគូសបញ្ជាក់ដូច្នេះថា «ដោយលើកឡើងអំពីការព្រួយបារម្ភផ្នែកសុវត្ថិភាព និងសុខុមាលភាពមន្រ្តីទូតរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យពួកគេត្រូវតែចាកចេញពីទីក្រុងសៀងហៃ»។
ទីក្រុងសៀងហៃកំពុងស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដោយប្រជាជនជាច្រើនត្រូវធ្វើចត្តាឡីស័ក។ បើតាមរបាយការណ៍ នៅថ្ងៃអង្គារនេះដែរ អាជ្ញាធរបានរកឃើញករណីឆ្លងថ្មីច្រើនជាង ២៣,០០០នាក់៕ ដោយធីរីណា
រូបថត : Reuters