លោកZiona Chana អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិបាក់វ៉ាង រដ្ឋមីសូរ៉ាមប្រទេសឥណ្ឌាបានបំបែកឯតទគ្គកម្មពិភពលោក ដោយមានប្រពន្ធរហូតដល់៣៩នាក់ កូន ៩៤នាក់ ចៅ៣៣នាក់។ ក្រៅពីនេះនៅមាន កូនប្រសា១៤នាក់ទៀតផង ។
រឿងពិសេសដែលគេចាប់អារម្មណ៍ បំផុតនោះ គឺមហាគ្រួសាររបស់លោកដែលមានសមាជិករហូតដល់១៨១នាក់ រស់នៅរួមគ្នាក្នុងផ្ទះតែមួយដែលមានកម្ពស់៤ជាន់ មាន១០០បន្ទប់គឺជា ផ្ទះសមរម្យដែល សាងសង់ឡើងនៅខ្ពង់រាបនៃភូមិបាក់ វ៉ាង។ បន្ទប់ស្នាក់នៅត្រូវរៀបចំឡើងតាមលក្ខណៈរួមមានគ្រែជាច្រើនដើម្បីឱ្យប្រពន្ធ នីមួយៗ និងកូនរស់នៅជាមួយគ្នា ។
លោកចាណាបាននិយាយទៅកាន់ សារព័ត៌មានThe Sun ថា“ខ្ញុំមានអារម្មណ៍ ថា ខ្លួនខ្ញុំដូចជាកូនរបស់ព្រះជាម្ចាស់ដែលបានប្រទានប្រពន្ធជាច្រើនដល់រូបខ្ញុំដើម្បី មើលថែ។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្លួនខ្ញុំជាបុរសដែលមានភ័ព្វសំណាងបំផុតមានប្រពន្ធរហូតដល់៣៩នាក់។ អ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទនភាពទៀតនោះគឺខ្ញុំជាមេគ្រួសាររបស់មហាគ្រួសារដ៏ធំបំផុតនៅលើពិភពលោក” ។
ដើម្បីគ្រប់គ្រងមហាគ្រួសារដែលមានសមាជិកជិត២០០នាក់របស់ខ្លួនបានជោគ ជ័យលោកចាណាបានបង្កើតច្បាប់មួយសម្រាប់គ្រួសារសម្រាប់ប្រពន្ធទាំងអស់ និងកូនៗរបស់លោកយ៉ាងតឹងតែង ។
ប្រពន្ធម្នាក់ក្នុងចំណោមប្រពន្ធទាំង ៣៩របស់លោកបានរៀបរាប់ថា “ដើម្បីឱ្យមានភាពកក់ក្ដៅទាំងក្នុងទាំងក្រៅមហា គ្រួសារយើងបានបង្កើតច្បាប់ទម្លាប់មួយគឺត្រូវចេះស្រឡាញ់និងគោរពគ្នាទៅវិញទៅមកហើយត្រូវតែគោរពទៅតាមច្បាប់ គ្រួសារដែលបានកំណត់។ តាមច្បាប់ កំណត់នោះប្រពន្ធដើមឈ្មោះZathiangiជាអ្នកគ្រប់គ្រងរួមនៅក្នុងគ្រួសារ។ អ្នកស្រីបានរៀបចំផ្ដល់ការងារដល់ប្រពន្ធទាំងអស់ដូចជាបោសសម្អាតផ្ទះសម្បែងទៅ ផ្សារ លាងចាន ដាំបាយធ្វើម្ហូបជាដើម។
តាមច្បាប់គ្រួសារប្រពន្ធដែលមានវ័យក្មេងជាងគេបំផុតត្រូវស្នាក់នៅក្នុងបន្ទប់ ក្បែរលោកចាណា ចំណែកប្រពន្ធវ័យចាស់ៗ ស្នាក់នៅបន្ទប់ឆ្ងាយបន្ដិច។ ពេលវេលា ដែលលោកស្និទ្ធស្នាលជាមួយប្រពន្ធទាំងអស់ក៏ត្រូវមានកាលវិភាគច្បាស់លាស់មិនឱ្យច្រណែនគ្នាឡើយ ។
គេបានដឹងថា សម្រាប់មួយពេលបាយនៅក្នុងមហាគ្រួសារលោកចាណាត្រូវ ចំណាយដំឡូងបារាំង៦០គីឡូក្រាម អង្ករ ៩០គីឡូក្រាម និងមាន់៣០ក្បាល។
លោកចាណាក៏ជាមេដឹកនាំសាសនា មួយដែលអនុញ្ញាតឱ្យមានប្រពន្ធច្រើន តាមការចង់បាន។ ប្រពន្ធទាំងអស់របស់លោកសុទ្ធតែស្ម័គ្រចិត្ដរួមរស់ជាមួយ លោកទាំងអស់ ។
ទោះបីអាយុច្រើន ប៉ុន្ដែលោកចាណា នៅមានបំណងទៅកាន់អាមេរិកដើម្បី ស្វែងរកប្រពន្ធបន្ថែមទៀត៕