រឿង ទឹកភ្លៀងលាងគុកអត់ជញ្ជាំង (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
បន្ទាប់មក ប្រទេសនេះបានប្រកាសជាកម្ពុជាប្រជាធិបតេយ្យដែលគ្រាន់តែជាលេសមួយបោកបញ្ឆោតមតិជាតិអន្តរជាតិប៉ុណ្ណោះ។ កម្ពុជាប្រជាធិបតេយ្យបង្កើតឡើងក្រោមការដឹកនាំរបស់សមមិត្ត ប៉ុល ពត អគ្គលេខាបក្សកុម្មុយនិស្តកម្ពុជា ជាប្រធានាធិបតី សមមិត្ត ខៀវ សំផន ជាប្រធានរដ្ឋ និង សមមិត្តអៀង សារី ជារដ្ឋមន្ត្រីការបរទេសព្រមទាំងសមមិត្តមួយចំនួនជារដ្ឋមន្ត្រីក្រសួងនានាហើយការគ្រប់គ្រងនិងកសាងប្រទេសពឹងផ្អែកលើវិស័យយោធាទាំងស្រុង។
ក្នុងរបបនេះដែរ នៅទូទាំងប្រទេសគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ ពោលបានន័យថាអ្វីៗទាំងអស់អង្គការបដិវត្តន៍កម្ពុជា ជាអ្នកកំណត់ ឯប្រជាជនមានតែកម្លាំងធ្វើពលកម្មបង្កបង្កើនផលជាពិសេសលើដំណាំស្រូវជាមូលដ្ឋានតែម្ដង។
នៅសហករណ៍ភូមិអាគ្រាជដែលខ្ញុំរស់នៅ ក៏មិនខុសពីនៅទូទាំងប្រទេសដែរ ការហូបចុកត្រូវបានអង្គការកំណត់ឲ្យហូបបបរមួយថ្ងៃពីរពេលគឺថ្ងៃត្រង់ និងពេលល្ងាច។មិនថាចាស់ក្មេងឬអ្នកពេញកម្លាំងត្រូវហូបជាសមូហភាពនៅរោងបាយសហករណ៍តែមួយ និងបានកំណត់តាមរបបម្នាក់ៗបបរ ២វែកត្រឡោកដូង ទោះឆ្អែតឬមិនឆ្អែតមិនត្រូវតវ៉ា បើហ៊ានតវ៉ាអង្គការយកទៅរៀនសូត្រ។ បបរ ២វែកត្រឡោកដូង ហូបជាមួយអំបិល ៤ទៅ ៥ គ្រាប់ជាអាហារវិសេសវិសាលណាស់ទៅហើយខណៈដែលកន្លែងខ្លះ រកតែអំបិលហូបមិនចង់បានផងនោះ។ អាហារពិសេសនិងប្រចាំថ្ងៃនៅភូមិនេះ គឺចុងភៅយកដើមចេកហាន់ដូចចំណីជ្រូកលាយស្លឹកដំឡូងឈើ ដំឡូងមី ដាក់អង្ករលីងធ្វើជាសម្លកកូរ មានសាច់មាន់មួយក្បាលក្នុងមួយខ្ទះស្ករត្នោតដើម្បីហូបជាមួយបបរ ២វែកត្រឡោកដូង។ ការហូបមិនឆ្អែតរបស់ប្រជាជនធ្វើឲ្យពួកគាត់បាក់កម្លាំងរហូតចេះកែច្នៃហូបមើមក្តួច មើមដំឡូង មើមល្ហុង ដើម្បីបំពេញក្រពះរួមជាមួយចាប់សត្វមិនគួរឲ្យហូបដូចជា ក្អែប ខ្ទួយជីងចក់ តុកកែ យកមកដុតហូបជំនួសសាច់។
ទីបំផុត ការហូបចុកមិនមានជីវជាតិគ្រប់គ្រាន់ ធ្វើឲ្យប្រជាជនមានជំងឺហើមរាគរូស និងស្លាប់ជាបន្តបន្ទាប់គ្រាដែលនៅតាមវាលស្រែស្រូវទុំល្អសម្បូរហូរហៀរហើយអង្គការច្រូតស្រូវដឹកតាមរថយន្តធំៗរាប់ពាន់ម៉ឺនតោនទៅដាក់ក្នុងឃ្លាំងដោយមិនដឹងយកទៅឱ្យអ្នកណា ហើយសុខចិត្តឱ្យប្រជាជនខ្លួនឯងហូបបបររាវនោះឡើយ។
ថ្ងៃមួយ នៅក្នុងឃុំព្រៃឈរទាំងមូល អង្គការបានរៀបចំអាពាហ៍ពិពាហ៍ជារួមមួយដល់យុវជន យុវនារីបដិវត្តចំនួន ៣៤ គូដែលអង្គការផ្គូរផ្គងហើយជាស្រេច។ ប៉ុន្តែការផ្គូរផ្គងធ្វើឡើងដោយប្រកាន់និន្នាការ គឺប្រជាជនមូលដ្ឋានជាគូនឹងប្រជាជនមូលដ្ឋាន ប្រជាជនជម្លៀសជាគូនឹងប្រជាជនជម្លៀស។ ការរៀបចំអាពាហ៍ពិពាហ៍របស់អង្គការមិនអាចមានអ្នកណាប្រកែកបានឡើយ ព្រោះអង្គការចាត់ទុកជាម៉ែឪរបស់យុវជនយុវនារីទាំងនោះ។ ការរៀបចំអាពាហ៍ពិពាហ៍រួម គ្មានធ្វើពិធីធំដុំក្រៅពីឲ្យមួយគូៗស្លៀកពាក់ខោខ្មៅអាវខ្មៅ បង់កក្រមារម្នាក់មួយកាន់ដៃគ្នារួចប្ដេជ្ញាចិត្តថា” យើងខ្ញុំទាំងពីរនាក់ស្រលាញ់គ្នាអស់មួយជីវិត។ យើងទាំងពីរសូមប្ដេជ្ញាចំពោះមុខអង្គការថានឹងបម្រើអង្គការអស់មួយជីវិត” ។ ក្នុងពិធីនេះដែរចាត់ទុកជាការវិសេសវិសាលណាស់សម្រាប់ប្រជាជនរស់នៅឃុំព្រៃឈរ ដោយអង្គការបានកាប់គោ ៥ក្បាលធ្វើម្ហូបយ៉ាងឆ្ងាញ់ឱ្យប្រជាជនហូបរួម ខណៈដែលរាល់ថ្ងៃប្រជាជនរកតែអំបិលហូបមិនចង់បានផងនោះ។
(នៅមានត)

...

ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print