ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត អាណត្តិទី៥ខាងមុខនេះ សម្តេចមិនបានចូលរួមក្នុងយុទ្ធនាការឃោសនាឡើយ សម្តេចទុកឱ្យបេក្ខជន មេឃុំ-សង្កាត់ ធ្វើសកម្មភាពដោយខ្លួនឯង តែសម្តេចគ្រាន់តែបញ្ជាក់ថា «បើបក្សប្រជាជនឈ្នះឆ្នោត បក្សណាក៏អាចរស់នៅជាមួយគណបក្សប្រជាជនបានដែរ»។
សម្តេចតេជោ បានថ្លែងបែបនេះ ខណៈ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
សម្តេចតេជោ បានគិតគូរខ្ពស់ដល់មន្ត្រីរាជការ ដែលបានបំពេញការងារបម្រើប្រជាពលរដ្ឋ បម្រើជាតិ ហើយសម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាបើកប្រាក់បៀវត្សរ៍ជូនមន្រ្តី រាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យបាន មុនពេលកំណត់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់ នៃភាពស៊ាំសហគមន៍ដោយការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង ដែលករណីឆ្លងមានកម្រិតតិចភាគរយបំផុត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៦យ៉ាង ដែលផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ កត្តាទាំងនោះរួមមាន៖ សុខ សន្តិភាពការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, មានមធ្យោបាយ ធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើតឡើងថ្មីនៃ តំបន់ទេសចរណ៍ និងការមានភាពសាំសហគមន៍ដែល បានពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញរក ឃើញអ្នកកើតកូវីដ១៩ចំនួន ២៧នាក់ ដែលគ្រោង ចេញផ្សាយនៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្ត ទទួលយកដូសជំរុញ ដែលរៀបចំដោយអាជ្ញាធរ និង ក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន ថ្លែង ថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះពលរដ្ឋមិន ចាំបាច់ពាក់ម៉ាសទេ។
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តន៍កម្មវិធី ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍ មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្ស ធនធានធម្មជាតិ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រែក្លាយស្ពានដែកឆ្លងសមុទ្រនៅខេត្តកោះកុង ទៅជាស្ពានបេតុង ព្រោះស្ពានដែកបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរខ្លាំងណាស់ ពិសេសពេលមានភ្លៀងធ្លាក់ ដោយអ្នកទទួលបន្ទុកសាងសង់ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ៕