ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid កីឡាករ Joao Felix បាននិយាយថា គាត់នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរអំឡុងពេលប្រកួតឈ្នះក្រុម Espanyol ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យនៅលីកកំពូលអេស្ប៉ាញ La Liga ។
Felix ដែលបានស៊ុតបញ្ចូលទី១០គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ Atletico Madrid ក្នុងរដូវកាលនេះ ត្រូវបានប្តូរចេញរួមជាមួយមិត្តរួមក្រុម Thomas Lemar ដែលមានបញ្ហាសរសៃពួរផងដែរ។Felix បានសរសេរនៅលើ Instagram ថា “ជាអកុសល ព័ត៌មានមិនមែនជាអ្វីដែលខ្ញុំទន្ទឹងរង់ចាំនោះទេ ហើយវាគឺជាមួយនឹងភាពសោកសៅយ៉ាងខ្លាំងដែលខ្ញុំយល់ថាខ្លួនខ្ញុំមិនអាចជួយក្រុមរបស់ខ្ញុំក្នុងអ្វីដែលនៅសល់ដើម្បីលេងនៅរដូវកាលនេះ។ ឥឡូវនេះខ្ញុំអាចគាំទ្រ Atletico Madrid ពីខាងក្រៅប៉ុណ្ណោះ ហើយប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការជាសះស្បើយរបស់ខ្ញុំដើម្បីត្រលប់មករឹងមាំឡើងវិញ”។
គួរបញ្ជាក់ថា ក្រុម Atletico Madrid កំពុងឈរនៅលេខរៀងទី៤ក្នុងតារាង La Liga មាន៦០ពិន្ទុបន្ទាប់ពីការប្រកួតចំនួន៣២។ ក្រុមនេះនឹងត្រូវទទួលក្រុមភ្ញៀវ Granada នៅថ្ងៃពុធនេះ វេលាម៉ោង១២អធ្រាត្រក្នុងការប្រកួតសប្តាហ៍ទី៣៣របស់ខ្លួន ៕ (រូបភាព ៖ Reuters/CNA)