ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចពីសំណាក់ក្រុមគ្រួសារអ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសព ខណៈដែលក្មេងប្រុសម្នាក់រត់លេងក្រោយផ្ទះរអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីក្បាលព្រលប់ថ្ងៃទី២១ខែមេសាឆ្នាំ២០២២ស្ថិតក្នុងភូមិ
ចន្រ្ទា ឃុំចន្រ្ទា ស្រុកចន្រ្ទា។
យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះស៊ាន ស៊ីម៉ាក់រីណា អាយុមួយខួបកន្លះ រស់ក្នុងបន្ទុកឪពុកម្តាយនៅភូមិឃុំកើតហេតុខាងលើ។
តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូពេទ្យ និងជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីទេ គឺសពនេះស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញម្ដាយបានដាក់កូនឱ្យរត់លេងលើដីដូចសព្វដង ហើយខណៈម្តាយជាប់រវល់ធ្វើការងារផ្ទះដោយភ្លេចខ្លួនមួយសន្ទុះក៏ស្រែកហៅកូនមិនឆ្លើយតបទើបមានការសង្ស័យក៏ដើររកនៅស្រះខាងក្រោយផ្ទះក៏ក្រឡេកឃើញកូននៅក្នុងស្រះទឹកទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
សពក្មេងប្រុសត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន