ខេត្តស្វាយរៀង: បុរសម្នាក់ហេតុតែចង់ហូបត្រីខណៈផឹកស្រាថ្នាំអស់មួយលីត្រកន្លះស្រវឹងស្រឿងៗក៏បបួលគ្នាយកអញ្ចងចុះអូសត្រីក្នុងស្រះបណ្ដាលឱ្យលង់ស្លាប់ម្នាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ស្ថិត នៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ហ៊ន សុភា អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះបានអង្គុយហូបស្រាថ្នាំអស់១លីត្រកន្លះជាមួយនឹងឈ្មោះ សូរ ឆូយ ភេទប្រុស អាយុ៦៣ឆ្នាំ ដែលមានទីលំនៅជាមួយគ្នារហូតដល់ស្រវឹងស្រឿងៗក៏នឹកចង់ហូបសាច់ត្រី។
ប្រភពបន្តថា ក្រោយមកក៏បានបបួលគ្នាទៅស្រះទឹកនិងយកអញ្ចងចុះអូសត្រីដែលខ្លួនកំពុងស្ថិតក្នុងស្ថានភាពស្រវឹងផង បុរសឈ្មោះហ៊ន សុភា ក៏ឈ្លក់ទឹកបណ្ដាលឱ្យលង់ស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
បើតាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលស្រុកនិងគ្រូពេទ្យបង្អែកស្រុកស្វាយទាបបានពិនិត្យនិងសន្និដ្ឋានថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេគឺស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយសុថាន