សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)

ចែករំលែក៖

ប្រទេសជប៉ុន ; នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Yogo KANDA អ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ីនៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះលោក Yogo KANDA បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន៣ ដែលបំបែកចេញពីក្រុមហ៊ុនធំរបស់គាត់ ដែលទីមួយគឺក្រុមហ៊ុន​MITSUBISHI Corporation ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទី២ គឺក្រុមហ៊ុន ដែលនាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន ពិតជារីករាយដែលបានជួបជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ។ សម្ដេចតេជោបានចាត់ទុកថា ការិយាល័យរបស់ក្រុមហ៊ុនមីតស៊ុប៊ីស៊ីដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដែលពេលនេះមានរយៈពេល២៥ ឆ្នាំហើយ ដែលមានភាពចាស់ទុំ ហើយអ្វីដែលសំខាន់គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្ដេចតេជោបានមានប្រសាសន៍ថាអ្វីដែលទីផ្សាកម្ពុជាត្រូវការក៏មានដូចជារថយន្ត ដូចជាជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃ។ ជាមួយគ្នានោះសម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសដូចជាផលិតផលកាត់ដេរជាដើមនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ២ដង។ សម្ដេចបានមានប្រសាសន៍ជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញវិស័យកាត់ដេរឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុននោះ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print