នៅថ្ងៃទី២៤ខែមេសា និស្សិតស្រីលង្ការាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដោយបានដង្ហែក្បួនទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី Mahinda Rajapaksa ឡោមព័ទ្ធផ្ទះរបស់លោក ក្នុងគោលដៅទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង ខណៈដែលប្រទេសជាតិកំពុងតែជួបវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ។
ជាច្រើនខែកន្លងមក ពលរដ្ឋមិនមានអគ្គិសនីប្រើប្រាស់នោះឡើយ និងកង្វះថាមពលប្រេង ស្បៀងអាហារ …ធ្វើឱ្យពលរដ្ឋកាន់តែខកចិត្តខ្លាំងឡើង។ ប្រទេសស្រីលង្កា បានប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក។
នៅក្នុងបាតុកម្មកាលពីថ្ងៃទី២៤ខែមេសា មានក្រុមនិស្សិតបានផ្លោះរបងចូលទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី Rajapaksa ក្នុងរដ្ឋធានី Colombo បន្ទាប់ពីកម្លាំងប៉ូលិសបង្កើតរបងការពារយ៉ាងតឹងតែងទប់ស្កាត់ក្រុមបាតុករ ផ្សេងគ្នាបូកបញ្ចូលតែមួយក្លាយជាមហាបាតុកម្មពិបាកក្នុងការទប់ស្កាត់។
និស្សិតមួយរូបដែលចូលរួមធ្វើបាតុកម្ម មិនបញ្ចេញឈ្មោះបានឱ្យដឹងថា « អស់លោកអាចបិទផ្លូវ ប៉ុន្តែមិនអាចបិទការតស៊ូបានទេ រហូតដល់រដ្ឋាភិបាលត្រូវបានរំសាយដើម្បីរៀបចំការបោះឆ្នោតជាថ្មី»។ ជាមួយគ្នានេះដែរ ក៏មានបាតុករមួយរូបផ្សេងទៀត បានលើកស្លាកបដា សរសេរថា«សូមទៅផ្ទះវិញទៅGota។
ក្នុងរយៈពេល២សប្តាហ៍កន្លងមក មានពលរដ្ឋរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្មនៅខាងក្រៅវិមានប្រធានាធិបតី Gotabaya Rajapaksaទាមទារឱ្យពីរនាក់បងប្អូន ប្រធានាធិបតីលាលែងចេញពីតំណែង ។ កាលពីចុងស្តាហ៍កន្លងមក មានបាតុករម្នាក់រងការបាញ់សម្លាប់ នៅតំបន់ Rambukkana ហើយនេះគឺជាករណីស្លាប់បាតុករលើកដំបូងចាប់តាំងពីផ្ទុះ បាតុកម្មមក៕ ដោយធីរីណា