អភិបាលខេត្ត​កណ្ដាល​ អបអរសាទរដល់ប្រជាពលរដ្ឋ នៅឃុំបាក់ដាវ ដែលទទួលបានផ្លូវ និងស្ពាន សម្រាប់ធ្វើដំណើរប្រកបអាជីវកម្ម និងដឹកជញ្ជូន

ចែករំលែក៖

ខេត្ត​កណ្តាល៖ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ​ បានចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង៣៧៨០ ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងស្ពានបេតុងឆ្លងទន្លេតូច ប្រវែង៧៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ។

ពិធីសម្ភោធនេះ មានការចូលរួមពីលោក លោកស្រី​ អភិបាលរងនៃគណៈអភិបាលខេត្ត​ ;សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ;លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត; មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ;មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ។

ក្នុងឱកាសនោះផងដែរ លោក​ គង់​ សោភ័ណ្ឌ​ សូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋ នៅឃុំបាក់ដាវ ដែលទទួលបាន ផ្លូវ និងស្ពាន សម្រាប់ធ្វើដំណើរ ប្រកបអាជីវកម្ម និងដឹកជញ្ជូន។ កត្តាសុខសន្តិភាព ដែលជាចលករមួយដែលជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផងដែរ។

ជាមួយគ្នានេះ​ លោកអភិបាលខេត្ត​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ បានគូសបញ្ជាក់ថា​ ជំងឺកូវីដ-១៩ អាចបិទសេដ្ឋកិច្ច តែមិនអាចបិទចក្ខុវិស័យ របស់អគ្គមគ្គុទេសន៍ ប្រកបដោយគតិបណ្ឌិត ការបត់បែន និងភាពប៉ិនប្រសប់ បាននោះទេ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print