សារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។

ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នេះ ប្រារព្ធឡើង ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”។ ក្នុងបរិបទដែលប្រជាជាតិយើងទាំងមូល កំពុងចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖

១-ប្រគល់ភារកិច្ចជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាលនៃគណៈ អភិបាលរាជធានី ខេត្ត សហការជាមួយអង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជក ត្រូវរៀបចំពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន ក្នុងឱកាសអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ និងរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្នុងទ្រង់ទ្រាយតូច និងតាម ស្ថានភាពជាក់ស្តែង ហើយនិយោជកត្រូវស្វ័យរៀបចំក្នុងកម្រិតរោងចក្រ សហគ្រាស តាមស្ថានភាពជាក់ស្តែង។

២-ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២។

៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ និងរោងចក្រ សហគ្រាស ត្រូវជ្រើសរើស ទីតាំងសមស្រប ដូចជា ដងវិថីសំខាន់ៗ និងទីតាំងរោងចក្រ សហគ្រាស ការដ្ឋាន និងកសិដ្ឋាន ដើម្បីធ្វើការ ចងបដាពាក្យស្លោកតាមខ្លឹមសារដូចខាងក្រោម៖

– ជយោ! ព្រះរាជាណាចក្រកម្ពុជា
– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
– សន្តិភាព សុខភាព និងសន្តិសុខការងារ
– ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីសុខភាព និងការងារ
– ចូលរួមអនុវត្តឱ្យបានហ្មត់ចត់វិធានការ “៣ ការពារ” និង “៣ កុំ
– ខិតខំរក្សាការងារ និងមុខរបរក្នុងបរិបទកូវីដ-១៩
– គោរពច្បាប់ស្តីពីការងារ និងច្បាប់ស្ដីពីសហជីព ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិត និងនិយោជក
– អភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីសុខុមាលភាពសង្គម
– អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ដើម្បីផលិតភាព និងភាពប្រកួតប្រជែង
– សន្តិសុខការងារជាចលករនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព
– សន្តិសុខការងារជាមូលដ្ឋានគ្រឹះនៃសង្គមដែលមានយុត្តិធម៌ ផលិតភាព និងបរិយាប័ន្ន។ ៤-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារ និងតាមដានបូកសរុបការរៀបចំពិធីនេះ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល សូមអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិតកម្ពុជា និង បរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្ស រីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យស័ក្តិសមជាបុណ្យការងាររបស់ជាតិយើង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ ការពារ” និង “៣ កុំ”។
ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print