ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ដើម្បីលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់ផ្ទះឃើញទាន់ក៏ ស្រែកឆោឡោ ប្តឹងនគរបាលខណ្ឌច្បារអំពៅឲ្យ ឃាត់ខ្លួន បានម្នាក់ ខណៈខណៈពីរនាក់ទៀតបានរត់គេចខ្លួនបាត់ ។ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉េង សេង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុ ។ ចំណែក ជនសង្ស័យឈ្មោះ ជា សេង ហ័ង ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅ ភូមិ ស្វាយ តា អុក សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ ។
របាយការណ៍សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុ នៅចំណុច ផ្ទះគ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ ថ្ងៃទី២៥ ខែមេសា ២០២២ នា ម៉ោង ៧យប់ មានជនសង្ស័យ៣នាក់ ឈ្មោះ ជា សេង ហ័ង ឈ្មោះ ពេញ វ ណ្ណី និង ឈ្មោះ រិ ទ្ធ បានផ្លោះរបង ខាងក្រោយ ចូលក្នុងផ្ទះកើតហេតុ រួចនាំគ្នាលួចដោះយក ម៉ាស៊ីនត្រជាក់ ១គ្រឿង ម៉ាក Die Kim ពណ៌ស បម្រុង គេចខ្លួន ក៏ត្រូវបានជនរងគ្រោះ ឃើញស្រែកចោរៗ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជា សេង ហ័ង រួម នឹង វត្ថុតាង ម៉ាស៊ីនត្រជាក់ ១ គ្រឿង ដង្កាប់ ២ ពូថៅ ១ កន្ត្រៃ ១ ទួណឺវីស ១ និង កូនសោ ៤ ប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍ វាលស្បូវ ។ ចំណែក បក្ខពួកជនសង្ស័យពីរនាក់ទៀត បាន រត់គេចខ្លួនបាត់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន និងស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួនយកមក ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ