ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដើកហែប បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែង នៅត្រង់ចំណុចភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល។ នេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២២ នេះ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ១.ឈ្មោះ សាំ គឹមសាន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាអ្នករក្សាទុក) ២.ឈ្មោះ ចិត្ត ស៊ីថាវ ហៅ ចឺត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាអ្នករក្សាទុក) និង៣.ឈ្មោះ វាសនា ដាវីឌ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាអ្នកប្រើប្រាស់)។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ធំ
-សម្ភារៈសម្រាប់ចែករំលែកគ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-អាវុធកែច្នៃបាញ់គ្រាប់កង់ចំនួន ០១ដើម
-ទូរស័ព្ទដៃម៉ាក Nokia ចំនួន ០២គ្រឿង ។
ដោយឡែក នៅរសៀលថ្ងៃដដែលនេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការ បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីដែរ ក្នុងបទល្មើសជាក់ស្តែង ដល់ឃាត់ខ្លួនជនសង្ស័យម្នាក់និងរឹបអូសវត្ថុតាងថ្នាំញៀនមួយចំនួន។
ការចុះបង្ក្រាបគ្រឿងញៀនករណីខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំនុចភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
មន្ត្រីនគរបាលបង្រ្កាបគ្រឿងញៀនស្រុកបាណន់បានឲ្យដឹងថា ក្នុងការបង្ក្រាបនាពេលនេះជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់និងរឹបអូសវត្ថុតាងដកហូតបានរួមមាន៖
–ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៨ថង់
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន
-សម្ភារ:ពាក់ព័ន្ធសម្រាម់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃ ០១គ្រឿង (ចាស់បែកកញ្ចក់) ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកំពុងត្រូវបានកម្លាំងនគរបាលស្រុកទាំងពីរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕