សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាម ប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាម ប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់ ។ សម្តេចចាត់ទុកថា «ទោះទទួលបានមេដាយមាសក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់ សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ»។​ ការថ្លែងបែបនេះ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេី​ឡើង​នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ នាឱកាស​ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ជាមួយគ្នានេះ​ សម្ដេចតេជោ ហ៊ុន សែន ស្នេីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ សិក្សាពីការផ្ទេរអ្នកជំងឺ​ កូវីដ-១៩ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមណ្ឌលចាក់អង្រែ ដើម្បីប្រគល់ស្ដាតអូឡាំពិកឲ្យជំនាញកីឡា ធ្វើការជួសជុល និងរៀបចំទីលាន ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា ។

កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print