ខេត្តតាកែវ ៖ ក្រុមអាជីវករដែលបានចំណាយលុយទិញតូបផ្សារណាត់ខេត្តតាកែវ ដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនមួយរបស់លោក ឡោ ជំនិត កំពុងសម្តែងការមិនពេញចិត្ត ក្រោយពីក្រុមហ៊ុនមួយនេះមិនបានធ្វើតាមកិច្ចសន្យា ដែលនឹងអនុញ្ញាតឱ្យពួកគាត់បានចូលទៅលក់ដូរនៅក្នុងផ្សារណាត់ផ្នែកខាងក្រោម ដោយគេបានព្យាករណ៍ថា នឹងសាងសង់រួចនៅកំឡុងខែមេសា ឆ្នាំ២០២២នេះ។
ការសាងសង់មិនទាន់រួចរាល់តាមកិច្ចសន្យានេះ គេមិន ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ តែបើតាមប្រភពខ្លះនិយាយថា ប្រហែលជាក្រុមហ៊ុននោះអស់លុយ ទើបបានមួយរយៈនេះ ខាងក្រុមហ៊ុននាំគ្នាមកវាស់ផ្លូវសាធារណៈដែលនៅជុំវិញផ្សារជួលឱ្យអាជីវករជាអ្នកលក់តូចតាច កញ្ច្រែងល្អីក្នុងប្រវែងផ្លូវ១ម៉ែត្រកន្លះតម្លៃ ១៥០ដុល្លារ។
បើតាមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលលក់ដូរបន្តិចបន្តួច និងខ្លះទៀតតាមកញ្ច្រែងល្អីនៅតាមផ្លូវជុំវិញផ្សារណាត់នេះ បានសម្តែងការមិនពេញចិត្ត ហើយថា ទង្វើនេះគឺមិនសមហេតុផល ព្រោះថា ផ្លូវនៅជុំវិញផ្សារនោះ មិនមែនជាដីត្រូវនិយោគនោះឡើយពីព្រោះវាជាផ្លូវសាធារណៈ ហេតុអ្វីបានជាអ្នកវិនិយោគផ្សារណាត់មកវាស់ដីផ្លូវដែលជារបស់រដ្ឋនេះ យកលុយពីអាជីវករទៅវិញ។
បើយោងតាមកំណត់ហេតុ និងលិខិតរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងពាណិជ្ជកម្មបានសម្រេចជួលទីតាំងអាគារផ្សារណាត់ របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលមានទំហំ ១៥៨៧ម៉ែត្រក្រឡា ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជូនទៅលោកស្រី ប្រាក់ ចាន់រដ្ឋា ដើម្បីវិនិយោគសាងសង់ជាផ្សាររយៈពេល១៥ឆ្នាំ និងអនុគ្រោះបន្ថែមរយៈពេល១ឆ្នាំ សម្រាប់ការសាងសង់ ដូចនេះ រយៈពេលជួលសរុប គឺ១៦ឆ្នាំ។
តាមរយៈលិខិតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងបានជួល និងអនុញ្ញាតឱ្យវិនិយោគត្រឹមដីទីតាំងអគារផ្សារណាត់ តែហេតុអ្វីបានជាអ្នកវិនិយោគមកវាស់ដីផ្លូវយកលុយពីអ្នកដូរថែមទៀត ហើយម្យ៉ាងបើយោងតាមកំណត់ហេតុដដែល ការទារថ្លៃភាស៊ី ឬក៏ថ្លៃជួលតូប គឺគេគិតនៅពេលផ្សារសាងសង់រួច តែហេតុអ្វីផ្សារកំពុងសាងសង់មិនទាន់រួចផង អ្នកវិនិយោគបែរជាមកយកលុយពីអ្នកលក់ដូរ?
យ៉ាងណាក៏ដោយ លោក ឡោ ជំនិត តំណាងអ្នកវិនិយោគផ្សារណាត់ តាមរយៈសារព័ត៌មានក្នុងស្រុកមួយ បានលើកឡើងថា តាមពិតទៅក្រុមអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងរូបលោក ក្នុងនាមអ្នកវិនិយោគបានសហការគ្នារៀបចំកន្លែងលក់ដូរឱ្យបានល្អត្រឹមត្រូវប្រកបដោយបរិស្ថានអនាម័យស្អាតល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ ពោលគឺមិនរញ៉ែរញ៉ៃឬកកស្ទះចរាចរណ៍ ហើយពួកគាត់មិនលក់ផ្ទាល់ដីតាមចិញ្ចើមដូចមុននោះឡើយ ដោយលោករៀបចំធ្វើគ្រែចល័ត និងកៅអីអង្គុយសមរម្យ ។
លោកឡោ ជំនិត បន្តថា ការយកប្រាក់នោះ គឺជាប្រាក់បដិភាគ ហើយបង់ដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំឡើយ៕
ដោយ៖ សូរិយា