ភ្នំពេញ : នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទទួលជួប លោកឧត្តមសេនីយ៍ឯក ចន សេនឌឹសុន (John Sanderson) អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣ ដែលមានខ្លឹមសារដូចតទៅៈ
– ជាបឋម លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្ដៅជូន លោកឧត្តមសេនីយ៍ឯក John Sanderson ដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសខួប ៣០ឆ្នាំនៃ UNTAC និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថាក្នុងរយៈពេល៣០ឆ្នាំ លោក ជាមួយ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីដឹកនាំ UNTAC អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ទោះជាខ្មែរក្រហមបានធ្វើពហិការមិនរំសាយអាវុធ មិនចូលរួមការបោះឆ្នោតរៀបចំដោយ UNTAC ពីឆ្នាំ១៩៩១ តែUNTAC បានរៀបចំនូវការបោះឆ្នោតបានជោគជ័យសម្រាប់ ជ្រើសតាំងសភាធម្មនុញ្ញ និងបន្ទាប់មកប្ដូរជារដ្ឋសភារហូតដល់សព្វថ្ងៃនេះ។
–លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថាដោយមានកិត្តិយសចូលរួមអម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការចរចារកសន្ដិភាពឱ្យជំលោះនៅកម្ពុជាអស់រយៈពេលជិត៤ឆ្នាំពីខែធ្នូ ឆ្នាំ១៩៨៧-១៩៩១ រហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងរយៈពេលជិត៤ឆ្នាំនេះការចរចាមានឧបសគ្គ និងការលំបាកយ៉ាងច្រើន លើកឡើងដោយខ្មែរក្រហម ក៏ប៉ុន្តែក្រោយពីការចរចាជិត៤ឆ្នាំ ខ្មែរក្រហមសុខចិត្តចូលរួមចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែខ្មែរក្រហមមិនចូលរួមអនុវត្តកិច្ចព្រមព្រៀងនេះទេ ដោយមិនរំសាយអាវុធ និងមិនចូលរួមការបោះឆ្នោត ដើម្បីវាយប្រហារលើកងទ័ពរដ្ឋាភិបាល ក្រោយពីUNTAC ដកចេញពីកម្ពុជានៅឆ្នាំ១៩៩៣ រហូតដល់មាន នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ នៅខែធ្នូ ឆ្នាំ១៩៩៨ បានខ្មែរក្រហមត្រូវរំលាយទំាងនយោបាយ ទំាងយោធា ហើយមេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហម ត្រូវបាន «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» កាត់ទោស។
– លោកឧបនាយករដ្ឋមន្ត្រី បាននិយាយថា ក្នុងពេលទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក អាចមើលឃើញភាពខុសគ្នារវាងកម្ពុជា ពីឆ្នាំ១៩៩១ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយសន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។
–លោកឧត្តមសេនីយ៍ឯក John Sanderson បានលើកជាអាទិ៍ថា លោក នៅចងចាំច្បាស់អំពីតួនាទីដ៏សំខាន់របស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរការដំណោះស្រាយសន្តិភាពនៅកម្ពុជា។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ជោគជ័យនៃបេសកកម្មរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដោយមានការគាំទ្រជានិច្ចពីក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ។ ទោះបីជាខ្មែរក្រហមមិនចូលរួមក្នុងការបោះឆ្នោត យើងបានរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ ដោយមានការចូលរួមពីប្រជាជនបានយ៉ាងល្អ។
– លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា លោក មិននឹកស្មានថាកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូច្នេះទេ និងឃើញប្រជាជនមានភាពសប្បាយរីករាយ។ លោក ក៏បាននិយាយថា ដោយ សម្ដេចតេជោនាយករដ្ឋមន្រ្តី មានបទពិសោធន៍ខ្ពស់ក្នុងដំណោះស្រាយសន្ដិភាពនៅកម្ពុជា ជាពិសេសជោគជ័យនៃ នយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ដូច្នេះក្នុងពេលកម្ពុជា ជាប្រធានអាស៊ាន កម្ពុជាអាចមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាផងដែរ។
– បច្ចុប្បន្ននេះកម្ពុជាបានរួមចំនែកយ៉ាងសំខាន់ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសបានបញ្ជូនកងទ័ពសន្តិភាពកម្ពុជារាប់ពាន់នាក់ជួយបោសសំអាតមីន នៅប្រទេសនានានៅអាហ្រ្វិក និងមជ្ឈឹមបូព៌ា ដោយសារកម្ពុជាមានជំនាញខាងដោះមីន៕