ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានលើកឡើងថាពីភាពចាំបាច់នៃការគាំទ្រដល់ជនមានពិការភាពដើម្បីលើកកម្ពស់សិទ្ធិ និងធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែមានភាពប្រសើរឡើងនៅកម្ពុជា ដោយថាការងារនេះត្រូវមានការចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះការការរួមចំណែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាភាពសក្កិសិទ្ធមួយដែលអាចជំរុញផែនការលើស្ទួយសិទ្ធជនមានពិការភាពឱ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត រដ្ឋលេខាធិការក្រសួងលោក ឯម ច័ន្ទមករា បានថ្លែងថា រាជរដ្ឋាភិបាលរាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យគឺ «ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អនិងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍន៍»។
ផ្នែកលើចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដែលជាដំណាក់កាលទី២ សម្រាប់កំណត់ចក្ខុវិស័យ និងផែនទីដើម្បីបន្តជំរុញសង្គមមួយឆ្ពោះទៅរកការលុបបំបាត់ឧបសគ្គរារាំងនានាដល់ជនមានពិការភាព។ ទោះជាយ៉ាងណាដោយសារបញ្ហានៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាលដល់ជនមានពិការភាពដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តន៍ផែនការនេះ ដូច្នេះហើយលោកបានជំរុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចចូលរួមជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការដើម្បីពន្លឿនផែនការជាតិនេះឱ្យអនុវត្តន៍បានប្រកបដោយភាពសក្ដិសិទ្ធ។
លោកបានថ្លែងថា៖ «ក្នុងន័យនេះ ការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាមានតម្លៃ ដ៏ធំធេងនិងជាការចូលរួមចំណែកដោយមិនអាចអត់បានក្នុងការជួយពន្លឿនការអនុវត្តនិងសក្តិសិទ្ធភាពនៃផែនការខាងលើនេះ ដើម្បីធានាថាឱ្យជនមានពិការភាពទទួលបាននូវការបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ការបង្កើន លទ្ធភាពទទួលបានសេវាសុខភាពនិងស្ដារ លទ្ធភាពពលកម្ម លទ្ធភាពទទួលបាន ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការបង្កលក្ខណៈងាយស្រួល ការចូលរួមដោយសមភាព លទ្ធភាពទទួលបានសេវាយុត្តិធម៌ និងសិទ្ធិសេរីភាព ការធានាសមភាពយេនឌ័រ ការកាត់បន្ថយហានិភ័យនិងផលប៉ះពាល់បង្កដោយគ្រោះមហន្តរាយ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ ជាតិ និងអន្តរជាតិ និងធានាថាមានទិន្នន័យ និងស្ថិតិពិការភាពដែលអាចទុកចិត្តនិងប្រៀបធៀបបាន»។
លោកមានជំនឿថា សិក្ខាសាលាថ្ងៃនេះគឺជាបច្ច័យគំនិតដែលមានសារៈសំខាន់ជូនថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិចារណាគិតគូរអំពីការបែងចែងកញ្ចប់ថវិកាជាតិសម្រាប់ការផ្តល់អាទិភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពនិងបានធ្វើការវិភាជន៍ថវិកាជូនដល់ក្រសួងស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិដើម្បីឲ្យផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមួយនេះទទួលបានជោគជ័យដូចការរំពឹងទុកផងដែរ។
«ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣» ហៅកាត់ថា(ផ.យ.ជ.ព.២០១៩-២០២៣) ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើការឆ្លុះបញ្ចាំងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព លើកទី១ឆ្នាំ២០១៤-២០១៨។ ផែនការនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការពន្លឿនការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ផែនការ អភិវឌ្ឍន៍ជាតិ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាជីវិតជនពិការនៅកម្ពុជាត្រូវបានប្រសើរឡើងដើម្បីវាយតម្លៃការអនុវត្តន៍នៅពាក់កណ្តាលអាណត្តិនិងការវាយតម្លៃចុងក្រោយ៕
ដោយ : សហការី