កីឡាករ John Higgins បានផ្តួល Jack Lisowski ក្នុងការប្រកួតដ៏តានតឹងដើម្បីជួបជាមួយ Ronnie O’Sullivan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកស្នូឃើពិភពលោកឆ្នាំនេះ។ កីឡាករHiggins បានធ្វើបានល្អនិងអស្ចារ្យក្នុងលទ្ធផល១០៥ទល់នឹង៧២ ខណៈដែលគាត់បានចាញ់ពី១២សិតទល់១១សិត មកឈ្នះ១៣សិតទល់នឹង១២សិត។
ចំណែកម្ចាស់ជើងឯក៦សម័យកាល O’Sullivan បានឈ្នះយ៉ាងងាយស្រួលក្នុងលទ្ធផល១៣ទល់៥ លើកីឡាករ Stephen Maguire នៅ Crucible ។ O’Sullivan លេខ១ពិភពលោកឥឡូវនេះបានឈានដល់ការប្រកួតលើក១៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រច្រើនជាងកីឡាករStephen Hendry ដែលធ្លាប់ឈ្នះក្នុងកាលៈទេសៈនេះ។ក្រោយការប្រកួតកីឡាករ Higgins បាននិយាយថា “ខ្ញុំភ្ញាក់ផ្អើលជាមួយនឹងជ័យជម្នះដែលខ្ញុំធ្វើបាន ហើយខ្ញុំមិនដឹងថាខ្ញុំឈ្នះដោយរបៀបណាទេនៅពេលខ្ញុំចាញ់១២ទល់១១។ ខ្ញុំតែចង់ឱ្យមានការប្រកួតកាន់តែអស្ចារ្យ។ ខ្ញុំអង្គុយនៅទីនោះដោយគិតថាខ្ញុំនឹងប៉ះជាមួយជើងខ្លាំង Ronnie ទេ។ ខ្ញុំមិនគិតថាខ្ញុំសមនឹងឈ្នះនោះទេ ប៉ុន្តែអារម្មណ៍របស់ខ្ញុំគឺថាខ្ញុំរីករាយដែលបានឆ្លងកាត់វគ្គនេះ”។
គួរបញ្ជាក់ថា ការប្រកួតជើងឯកស្នូឃើពិភពលោកឆ្នាំនេះធ្វើឡើងនៅទីក្រុង Sheffield ប្រទេសអង់គ្លេសដែលបានចាប់ផ្តើមពីថ្ងៃទី១៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ ការប្រកួតនៅឆ្នាំនេះទទួលបានប្រាក់រង្វាន់ចំនួន២,៣៩៥,០០០ដុល្លារអាមេរិក ហើយកីឡាករដែលឈ្នះពានរង្វាន់ស្នូកឃើពិភពលោកនេះច្រើនជាងគេគឺកីឡាករ Stephen Hendry ៧ដង ខណៈដែល Ronnie O’Sullivan ឈ្នះ៦ដង៕ (រូបភាព ៖ BBC Sport)