ក្រុមហ៊ុនថាមពលមួយចំនួនរបស់អឺរ៉ុប បានឡើងគម្រោងបើកគណនីប្រាក់រូប្លិ៍ (ruble) របស់រុស្ស៊ី ដើម្បីទូទាត់តម្លៃឧស្ម័នហ្គាសទិញពីរុស្ស៊ី តាមសំណើរបស់វិមានក្រិមឡាំង។ សកម្មភាពទាំងនោះត្រូវបានក្រុមអ្នកនយោបាយប្រឆាំងរុស្ស៊ីលើកឡើងថានឹងធ្វើឲ្យប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មលើរុស្ស៊ីត្រូវបាត់បង់។
សារព័ត៌មាន Financial Times បានដកស្រង់ប្រភពព័ត៌មានពីក្រុមហ៊ុនចែកចាយឧស្ម័នហ្គាសនៅអាល្លឺម៉ង់ អូទ្រិស ហុងគ្រី ស្លូវ៉ាគី ដែលបានឱ្យដឹងថា ក្រុមហ៊ុនជាច្រើនរបស់បណ្តាប្រទេសខាងលើបានឡើងគម្រោងបើកគណនីប្រាក់ Ruble នៅក្នុងធនាគារ Gazprombank នៅប្រទេសស្វីស ដើម្បីបំពេញទៅតាមតម្រូវការទូទាត់ប្រាក់ទិញឧស្ម័នពីរុស្ស៊ី។
កន្លងមក ក្រុមហ៊ុន Uniper មានទីតាំងនៅក្នុងទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុន OMVនៅក្នុងទីក្រុង Vienna ប្រទេសអូទ្រីស ដែលជាក្រុមហ៊ុនទិញឧស្ម័នធំបំផុតពីរុស្ស៊ី ក៏បានបើកគណនីធនាគារប្រាក់រុស្ស៊ីផងដែរ។
តាមសារព័ត៌មាន Financial Times បានផ្សាយថា ក្រុមហ៊ុនទិញឧស្ម័ននៅអឺរ៉ុប និងក្រុមហ៊ុន Gazprom ត្រូវបានជំរុញឱ្យបានឆាប់បំផុតក្នុងពេលការទូទាត់ប្រាក់ជិតដល់ពេលកំណត់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Eni កំពុងរង់ចាំរដ្ឋាភិបាលអុីតាលី និងសហគមន៍អឺរ៉ុប ស្តីពីលក្ខខណ្ឌក្នុងការបើកគណនីធនាគារGazprombank។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការវាយបករបស់រុស្ស៊ី ដែលមិនប្រើប្រាស់ប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូក្នុងការទូទាត់តម្លៃឧស្ម័នកំពុងជួយដល់ប្រាក់រុស្ស៊ីឱ្យមានឥទ្ធិពលកាន់តែខ្លាំងនៅលើពិភពលោក។ មិនតែប៉ុណ្ណោះប្រាក់រុស្ស៊ីអាចនឹងក្លាយទៅជាប្រាក់ចរាចរថ្មីក្នុងវិស័យពាណិជ្ជកម្មរវាងរុស្ស៊ីនឹងបណ្តាប្រទេសជុំវិញពិភពលោក៕ ដោយធីរីណា