កណ្តាល៖ ផ្តើមចេញពីរឿងទំនាស់ពាក្យសំដី បានធ្វើឲ្យបុរសម្នាក់យកអង្កត់អុសវាយកម្ទេចទ្វារផ្ទះបងស្រីបង្កើត និងដាល់បងស្រីខ្លួនឯងបណ្តាលឲ្យរងរបួសពកថ្ងាស់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្រោយពីកើតមានអំពើហិង្សាបណ្តាលឲ្យរងរបួសពកថ្ងាស់រួចមក ស្ត្រីរងគ្រោះបានសម្រេចចិត្ត ប្តឹងឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យដែលត្រូវជាប្អូនប្រុសបង្កើត កសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីននគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ហៃ អូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯស្ត្រីរងគ្រោះឈ្មោះ ហៃ ថេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ចាប់ហួយ ។ ជនសង្ស័យនិងស្ត្រីរងគ្រោះត្រូវជាបងប្អូនបង្កើតនឹងគ្នា បច្ចុប្បន្នរស់នៅក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល តែផ្ទះផ្សេងគ្នា ។
ប្រភពដដែលបានបន្តថា នៅមុខពេលកើតហេតុជនសង្ស័យជាប្អូនបានដើរទៅសួរនាំស្ត្រីរងគ្រោះជាបងបង្កើត រឿងទៅបេះផ្លែឈូកនៅក្នុងចម្ការរបស់ខ្លួន តែពេលទៅដល់ស្ត្រីរងគ្រោះបានបិទទ្វារផ្ទះមិនព្រមចេញមកក្រៅនិយាយគ្នា ទើបធ្វើឲ្យជនសង្ស័យកើតក្តីក្តៅក្រហាយទាញយកអង្កត់អុសវាយកម្ទេចទ្វារផ្ទះស្ត្រីរងគ្រោះបាក់អស់ក្តាមួយបន្ទះ ។ ឃើញដូច្នេះស្ត្រីរងគ្រោះក៏ចេញមកក្រៅឈ្លោះប្រកែកគ្នា ព្រមទាំងបានទះកំផ្លៀងទៅលើជនសង្ស័យមួយកំផ្លៀងទៀតផង ។ ភ្លាមៗនោះជនសង្ស័យក៏បានសងសឹកដាល់ទៅលើស្ត្រីរងគ្រោះមួយដៃវិញ បណ្តាលឲ្យរបួសពកថ្ងាស់ ទើបមានប្រជាពលរដ្ឋជួយបំបែកចេញពីគ្នាទៅផ្ទះរៀងៗខ្លួន ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្ត្រីរងគ្រោះបានសម្រេចចិត្តប្តឹងឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ដោយមិនយោគយល់ថាជាបងប្អូនបង្កើតឡើយ ៕
ដោយ៖ ស្អាងជ័យ