ក្នុងពេលកំពុងប្រឈមមុខតានតឹងនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន នៅថ្ងៃទី៤ ខែឧសភា កម្លាំងទាហានរុស្ស៊ីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយបាញ់មីស៊ីល ដែលមានសមត្ថភាពបំពាក់អាវុធបរមាណូនៅក្នុងតំបន់ Kaliningrad ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលសង្គ្រាមជាមួយអ៊ុយក្រែនកាន់តែតានតឹង។
ការប្រកាសខាងលើរបស់រុស្ស៊ី កើតឡើងក្នុងពេលដែលសង្គ្រាមរវាងរុស្ស៊ី នឹងអ៊ុយក្រែនឈានចូលដល់ថ្ងៃទី៧០ហើយ បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងជាង១៣លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ប្រទេសជិតខាងនៅក្នុងតំបន់អឹរ៉ុប ។ នេះជាការភៀសខ្លួនទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ។
ក្រោយបើកយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាឱ្យកម្លាំងមីស៊ីលបរមាណូ ត្រៀមលក្ខណៈធ្វើសង្គ្រាម ។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ការធ្វើសមយុទ្ធនៅថ្ងៃទី ៤ខែឧសភា គឺធ្វើនៅឆ្នេរសមុទ្រ Baltic ។ នៅក្នុងការធ្វើសមយុទ្ធនោះ រុស្ស៊ីបានបាញ់សាកល្បងមីស៊ីល Iskander ។
កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំងនានាដែលបានកំណត់ទុក ។ ក្រោយការបាញ់មីស៊ីល កម្លាំងទាហានរុស្ស៊ីបានផ្លាស់ប្តូរទីតាំងយ៉ាងឆាប់រហ័ស ដោយខ្លាចសត្រូវវាយប្រហារ ៕ ដោយធីរីណា
រូបថត : Sputnik