ភ្នំពេញ : នាវិមានសន្តិភាព នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ឯកអគ្គរដ្ឋទូត លោក ម៉ៃខើល មីចាឡាក់ ( Michael Michlalk ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។
ក្នុងជំនួបនោះ លោក Michael Michlalk បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
លោក Michael Michlalk បានបន្ថែមថា ភាពដឹកនាំរបស់សម្ដេចតេជោ បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឲ្យមានជំនួបដោយផ្ទាល់នាថ្ងៃនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តម Michael Michlalk បានដឹកនាំក្រុមហ៊ុនចំនួន១៣ ហើយបានបែងចែកចេញជា០៣ក្រុម និងបានលើកមកពិភាក្សាលើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ច ឌីជីថល និងវិស័យសុខាភិបាល។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ John son &John son និង Pfizer ដល់កម្ពុជា ហើយបានជម្រាបជូនប្រតិភូទាំងមូល នូវស្ថានភាពថាមពលរបស់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី ផលិតដោយវារីអគ្គិសនី សរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា៤.១% និងជីវឧស្ម័នចំនួន ០,២៨%។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោលោកបានសំដែងនូវការស្វាគមន៍ ចំពោះការដំឡើងរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ៕