សម្តេចកិត្តិព្រឹទ្ធបណ្ឌិត : ទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ក្រោមប្រធានបទ ៖ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល

ចែករំលែក៖

ភ្នំពេញ : សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ក្រោមប្រធានបទ ៖ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល ។

សូមបញ្ជាក់ថា, សារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្តី និងកុមារ

ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ ៥ ឧសភា ២០២២ក្រោមប្រធានបទ ៖“វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ ការគបដណ្តប់សុខភាពជាសកល – Investing in midwives will strengthen the primary health care system and provide a pathway to universal health coverage”

សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ! បង-ប្អូនជនរួមជាតិ ជាទីស្រឡាញ់រាប់អាន !

ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយដោយបាន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលក្នុងការប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមប្រធានបទសកល ១០០ឆ្នាំ នៃវឌ្ឍនភាព – 100 Years of Progress និង ប្រធានបទជាតិ “វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្ដប់ សុខភាពជាសកល – Investing in midwives will strengthen the primary health care system and provide a pathway to universal health coverage 1

ថ្ងៃនេះយើងប្រារព្ធទិវាឆ្មបជាតិ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាព និងស្នាដៃរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងតាំងពីបាតដៃទទេ ប្រមូលផ្ដុំកម្លាំងឆ្មបកម្ពុជា ដែលនៅសេសសល់រស់រានមានជីវិត ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ បានពុះពារគ្រប់ឧបសគ្គ ជម្នះរាល់ការលំបាកជួយស្រ្តីក្នុងការថែទាំផ្ទៃពោះ ការសម្រាល និងការថែទាំក្រោយសម្រាល រហូតសម្រេចបានជាជំហានៗនូវកម្រិតអភិវឌ្ឍសព្វថ្ងៃនេះ ដែលជារួម សមាគមឆ្មបកម្ពុជា គណៈឆ្មបកម្ពុជា បាននិងកំពុងតែសកម្មក្នុងការជួយតម្រង់ទិសការងារឆ្មប និងការពារវិជ្ជាជីវៈឆ្មប សាកល់វិទ្យាល័យ វិទ្យាស្ថានបណ្តុះបណ្តាលជាច្រើន កំពុងដំណើរការបណ្ដុះបណ្ដាលឆ្មប ហើយមូលដ្ឋានសុខាភិបាលមួយចំនួនទៀតក៏ចូលរួមយ៉ាងសកម្មក្នុងការបង្វឹកឆ្មបនេះផងដែរ។ បើទោះបីជា ស្ថានភាពជំងឺកូវីដ-១៩ បានដាក់សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ក៏ប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាពនៅបន្តដំណើរការជាប្រចាំនៅទូទាំងប្រទេស និងសម្រេចបានលទ្ធផលទៅតាម គោលដៅដូចជា អត្រាមរណភាពមាតាបានបន្តធ្លាក់ចុះពី ១៧០ ក្នុងទារកកើតរស់ ១០០.០០០នាក់ នៅឆ្នាំ ២០១៤ មកនៅត្រឹម ១៤១ ក្នុងទារកកើតរស់ ១០០០០០នាក់ នៅឆ្នាំ២០១៩។ ជាមួយគ្នានេះ អត្រានៃ ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញបានកើនពី ៨៥% នៅឆ្នាំ២០១៦ ទៅដល់ ៨៩% នៅឆ្នាំ ២០២០។ រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាលក៏បានកើនពី៨០% ទៅ ៨៩% នៅក្នុង អំឡុងពេលដូចគ្នានេះ។

ភ្ជាប់ជាមួយនឹងក្តីសោមនស្សរីករាយក្នុងឱកាសអបអរសាទរទិវាឆ្មបជាតិ ៥ ឧសភា ខ្ញុំសូមថ្លែងការ កោតសរសើរ និងអរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំងសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចពុះពារការលំបាកចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ផង និងប៉ន្ត រក្សាបានការថែទាំសុខភាពជូនស្ដីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមអំពាវនាវសូមឱ្យស្មារតីប្រយុទ្ធដ៏អង់អាចក្លាហាននេះ ស្ថិតនៅ ជារៀងរហូតជាមួយឆ្មបកម្ពុជា និងសូមឱ្យឆ្មបទាំងអស់បន្តអនុវត្តការងារ៖

១- ផ្តល់ប្រឹក្សា អប់រំ ដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេស ទប់ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន

២- ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលនូវផលវិបាកនានា

៣- ផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល

 ៤- ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹងការងារឆ្មប។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់ របស់គ្រូពេទ្យ, សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក, ត្រូវពិនិត្យតាមដានសុខភាព ក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១មុខ តាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុត ឱ្យបានឆាប់នៅពេលទារកឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម។

ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ អង្គការ ជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍនានា ដែលបាននិងកំពុងគាំទ្រដល់ការងារឆ្មប ហើយខ្ញុំមានសង្ឃឹម យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើនលទ្ធភាពវិនិយោគថែមទៀតដើម្បីសម្រេចបានគោលដៅ អភិវឌ្ឍមានចីរភាពឆ្នាំ២០៣០។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ និងដោយប្រយោល តាមបណ្ដាញព័ត៌មាន រួមជាមួយនឹងការពាំនាំនូវសារគន្លឹះសំខាន់ៗ លើកកម្ពស់ការយល់ដឹងរបស់ស្រ្តីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ និងស្រ្តីមានផ្ទៃពោះ ស្តីពីសារប្រយោជន៍នៃការពិនិត្យផ្ទៃពោះ ការទៅសម្រាលកូននៅ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានឆ្មបជំនាញ ការថែទាំក្រោយសម្រាល ការលុបបំបាត់ការចម្លងមេរោគ អេដស៍និងស្វាយពីម្ដាយទៅកូន ការបំបៅកូនដោយទឹកដោះម្តាយ ការចាក់វ៉ាក់សាំង១១មុខដល់ទារក ការផ្តល់អាហារូបត្ថម្ភមានជីវជាតិដល់កុមារ ការដោះស្រាយផ្ដល់ស្បៀងសម្រាលការលំបាកដល់ស្រ្តីរាប់ពាន់ គ្រួសារក្នុងមួយឆ្នាំៗ។

ខ្ញុំសូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាឆ្មបជាតិ ៥ ឧសភា ឱ្យស្ថិតនៅជាការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ ឆ្មបជំនាញទាំងអស់ ដើម្បីបុព្វហេតុគាំពារសុខភាពស្ត្រី និងកុមារកម្ពុជា និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនជនរួមជាតិទាំងអស់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ : សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print