វិមានប្រធានាធិបតីរុស្ស៊ី បានស្នើដល់កម្លាំងការពារចុងក្រោយរបស់អ៊ុយក្រែននៅទីក្រុង Mariupol ទម្លាក់អាវុធចុះចាញ់ ។ សារព័ត៌មាន Irish times នៅថ្ងៃទី៦ខែឧសភា បានផ្សាយថា សំណើខាងលើរបស់រុស្ស៊ី គឺក្នុងពេលដែលកម្លាំងទាហានអ៊ុយក្រែនក្នុងទីក្រុង Mariupol ព្យាយាមគ្រប់គ្រងរោងចក្រដែកថែបធំបំផុតរបស់ប្រទេសនេះស្ថិតនៅតំបន់ Azovstal បើទោះបីកំពុងវាយប្រហារគ្នាយ៉ាងខ្លាំងក្លាក្តី។
មន្ត្រីអង្គការសហប្រជាជាតិ បានឱ្យដឹងថា មានរថយន្តក្រុងមួយគ្រឿងបានទៅកាន់ទីក្រុង Mariupol ទាំងយប់ដោយសង្ឃឹមថា នឹងជម្លៀសពលរដ្ឋប្រមាណ២០០នាក់ចេញពីតំបន់ Azovstal ជាទីកន្លែងដែលទាហានរុស្ស៊ីកំពុងតែឡោមព័ទ្ធ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ អធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឯកភាពគ្នាថានឹងមិនទទួលស្គាល់ទឹកដីដែលរុស្ស៉ីវាយយកបាន ឬកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែនជាដាច់ខាត។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ខាងលើដដែលបានឱ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ មេដឹកនាំនៃប្រទេសទាំង២ ក៏បានថ្កោលទោសផងដែរលើការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះពីសំណាក់ថ្នាក់ដឹកនាំរុស្ស៉ីដែលព្យាយាមបង្ខូចកិត្តិយស ជុំវិញភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យរបស់មេដឹកនាំអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះថា «មេដឹកនាំទាំង២បានឯកភាពគ្នាថាអ៊ុយក្រែនចាំបាច់ទទួលបានការគាំទ្របន្ថែម ជាការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន»។
លោក ចូ បៃឌិន ក៏បានបង្ហាញការស្វាគមន៍ការផ្ដល់ជំនួយយោធារបស់អាល្លឺម៉ង់ដល់អ៊ុយក្រែន ព្រមទាំងការសន្យាផ្ដល់ជំនួយ មនុស្សធម៌កាលពីពេលថ្មីៗនេះផងដែរ៕ ដោយធីរីណា
រូបថត : Reuters