ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីពាណិជ្ជករម្នាក់ ដែលពាក់ព័ន្ធរឿងចេញសែកអត់លុយទៅតុលាការដើម្បីបន្តនីតិវិធី ដោយរថយន្តសមត្ថកិច្ចបានដឹកជនសង្ស័យចូលទៅក្នុងបរិវេណសាលាដំបូងតែម្តង ព្រោះខ្លាចកាមេរ៉ាអ្នកកាសែតតាមប្រមាញ់ ។
ស្ត្រីជាជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកគ្មានទឹកប្រាក់) មានទឹកប្រាក់ចំនួន ៧៧៦,០០០ដុល្លារអាមេរិក តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ ។ មកដល់ពេលនេះជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ តែបើតាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការបានបញ្ជាក់ថា ជនសង្ស័យមានប្រាក់សម្រាប់ដាក់តម្កល់ធានាខ្លួនបាននៅក្រៅឃុំហើយ ប៉ុន្តែមិនដឹងថាតុលាការសម្រេចយ៉ាងនៅឡើយទេ រង់ចាំតាមដានបន្តទៀត ៕
ដោយ រ៉ារ៉ា