ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា បានដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា, ក្បួនដង្ហែសពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ ចាម ពីគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្តស៊ីវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានវត្តមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីនី ហ៊ុនសែន រួមនិងឥស្សរជនជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដង្ហែសពពីគេហដ្ឋានសព ឆ្ពោះទៅវត្តសុវណ្ណគីរី រតនៈភ្នំប្រុស ចេញពីគេហដ្ឋានកាត់តាមផ្លូវព្រះមុនីវង្ស កាត់តាមគល់ស្ពានគីហ្សូណា ឆ្ពោះទៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស តាមបណ្តោយផ្លូវជាតិលេខ៧ ៕
ដោយ : សិលា