(តពីលេខមុន)
រូបបធម៌ក្នុងកងរូបយើងនេះ មានការប្រែប្រួល កើតរលត់ពីក្មេងទៅចាស់ជាប់ជានិច្ច ឯចិត្តដែលកើតរលត់ៗក្នុងខណៈ ដែលកងរូបណាកើតឡើង ខណៈដែលកងរូបនោះរលត់ចុះ ចិត្តនោះក៏រលត់ចុះដែរ កងរូបថ្មីកើតឡើងខណៈដង្ហើមដកចូល ខណៈចិត្តថ្មីក៏កើតឡើងព្រមដែរ សភាពនៃចិត្តដែលកើតរលត់បាននេះរហ័សលឿនណាស់ គេអាចសួរថា បើជាខណៈចិត្តថ្មី ហេតុអ្វីក៏ដឹងរឿងចាស់?
ចិត្តនេះមានទីតាំងពីរ:
– មួយតាំងនៅក្នុងឈាម ដែលប្រជុំចុះនៅក្នុងបេះដូង គឺជាស្នាមគំនូសនៃចិត្ត ឬហៅថាវិបាកចិត្ត ឬភវង្គត។ ចិត្តសំងំនៅក្នុងភវង្គនេះ ជាសភាវៈចិត្តមិនដឹង អាស្រ័យតើនៅមានអារម្មណ៍មកប៉ះផ្ទប់។
– ចិត្តមួយទៀតកើតរលត់នៅក្រុងទ្វារបសាទរូបទាំង ៥ អាស្រ័យមានអារម្មណ៍ខាងក្រៅមកប៉ះផ្ទប់ខណៈណាជិតនេះក៏កើតឡើងខណៈនោះដែរ។ ចិត្តដែលកើតនៅត្រង់បសាទរូបទាំងប្រាំនេះ ព្រោះកាលបើមានអារម្មណ៍ខាងក្រៅមកប៉ះផ្ទប់ ដួងចិត្តដំបូងកើតឡើង ហើយរត់ចុះខណៈចិត្តថ្មីកើតឡើងហើយរលត់ចុះយ៉ាងដដែល ចំពោះអារម្មណ៍មួយនេះក៏ជាវគ្គុដដែលៗដែរ ។
ធម្មជាតិដែលយើងគ្រប់គ្នាហាក់ដឹងថាចិត្តនៅដដែលនោះ បើផ្អែកតាមការកើតរលត់នៃចិត្ត គឺប៉ុន្មានជាដដែលទេ ពុំមែនជាចិត្តចាស់ទេ គឺជាខណៈចិត្តថ្មីទាំងអស់ដែលកើតក្នុងមួយខណៈៗ នៃអាយុរបស់រូបធម៌នោះ។ ឯអារម្មណ៍ដែលចិត្តកំពុងតោងចាប់នោះ ទើបជាអារម្មណ៍ចាស់ដដែលដែលយើងច្រឡំភ័ន្តថា ជាចិត្តចាស់ ចិត្តតែមួយ ឬចិត្តដដែលៗនោះ គឺនៅត្រង់បើចិត្តកើតរលត់ជាមួយអារម្មណ៍ណាមួយហើយ ចិត្តនោះក៏ប្រែក្លាយទៅជាចិត្តសប្បាយ ចិត្តខឹង ចិត្តស្អប់ ចិត្តច្រណែន កើតឡើងជាប្រភេទចិត្តតែមួយដូចដួងចិត្តមុន។ ឧបមាថាចិត្តសប្បាយកើតឡើងពីវត្ថុអ្វីមួយទៅតាមកម្លាំងនៃចិត្តប្រាថ្នាតិច ឬច្រើន ចិត្តសប្បាយនេះក៏កើតរលត់ឡើងជាច្រើន ខណៈសាឪចុះសាឡើងដដែលៗទៅតាមទំហំនៃចិត្តដែលជាប់ជំពាក់នោះ។ បរមត្ថធម៌របស់ព្រះសម្មាសម្ពុទ្ធថា ចិត្តសប្បាយកើតរលត់ឡើង ១៧ ខណៈកងរូបកើតឡើងរលត់ឡើង ១ ខណៈរូបចាស់រលឹកចុះ ទើបកងរូបថ្មីកើតឡើង។ ចិត្តសប្បាយថ្មីក៏កើនឡើងដែរ ចិត្តថ្មីដែលកើតឡើងនោះក៏នៅតែបន្តសប្បាយនឹងអារម្មណ៍ចាស់នោះដដែលបន្តទៀត ទើបមានការភ័ន្តច្រឡំថា ចិត្តសប្បាយនេះនៅតែកើតរលត់ដដែលព្រោះចិត្តសប្បាយថ្មីនេះ ជាសភាវៈដូចចិត្តសប្បាយចាស់ទើបមានការភាន់ច្រឡំយ៉ាងនេះ។ កាលបើរូបបារម្មណ៍កន្លងផុតទៅ ចិត្តសប្បាយនោះក៏នៅដក់ជាប់ ជាស្នាមគំនូសនៅក្នុងបេះដូង ឬហៅថា ភវង្គ មានហេតុបច្ច័យទើបកើតរលត់សាជាថ្មី។ រូបធម៌រមែងបែកធ្លាយនៅពេលដែលខ្យល់ដង្ហើមមិនមានខ្យល់ត្រឡប់ចូលមកវិញ រូបធម៌ចាស់ក៏មិនកើតរលត់បន្ត ចិត្តដែលកើតរលត់ចុងក្រោយអាស្រ័យមានខ្យល់ដកចេញជាចុងក្រោយ របស់រូបធម៌ចាស់ដែរ។ ចិត្តចុងក្រោយនេះក៏បន្តទៅចម្លងមកក្រៅតែម្ដងតាមខ្យល់ដកចេញមកក្រៅជាចុងក្រោយនោះដែរ ព្រោះដោយសាររូបធាតុថ្មីខាងក្រៅមានមេធាតុ ៤ សមល្មមចិត្តតាំងនៅបាន។
(នៅមានត)