ប្រទះឃើញសាកសពក្មេងប្រុសម្នាក់ នៅក្រោមបង្គោលភ្លើងនៅវាលស្រែនៅភូមិអារញ្ញ សង្កាត់សៀមរាបឃាត់ជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចំណុចក្បែរបង្គោលភ្លើងនៅវាលស្រែស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ធរ សុធារិទ្ធ អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ នៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ សមត្ថកិច្ចរកឃើញនៅលើសាកសពដោយពិនិត្យឃើញបាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំ។

សាក្សីនៅជិតកន្លែងកើតហេតុ បានបញ្ជាក់ថា ជន រងគ្រោះត្រូវបានក្រុមជនសង្ស័យជិះម៉ូតូ ២គ្រឿង បានស្ទាក់វាយជនរងគ្រោះដែលកំពុងជិះកង់ម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួន។

ក្រោយកើតហេតុ នៅថ្ងៃដដែល កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថ ក្រុងសៀមរាប បានបើកការស្រាវជ្រាវ រហូតបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបខ្លួនមានបក្ខពួក ០៥នាក់ទៀត ភេទប្រុស នៅថ្ងៃកើតហេតុបាននាំគ្នាកាក់ជនរងគ្រោះ ដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើង ខាងជើងកន្លែងកើតហេតុមានចំងាយប្រហែល ៥០០ ម៉ែត្រ ដោយពុំមានគំនុំអ្វីទេ ក្នុងមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ (ទូរស័ព្ទ ១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ)។

ការឃាត់ខ្លួននេះដែរ ជំនាញបានដកហូតវត្ថុតាងមួយចំនួនមាន ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ២គ្រឿង ម៉ាក EXCITER GP និងម៉ាក HONDA DREAM ពណ៌ខ្មៅ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ចំណែកបក្សពួក នៅសល់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print