ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល
ប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សាកាប់ទៅលើបងស្រីបង្កើតនិងបងថ្លៃជាជនជាតិបារាំងដោយសារតែរឿងទំនាស់ពាក្យសម្តីគ្នារឿងដីធ្លី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់
ថ្ងៃទី៩ខែឧសភាឆ្នាំ២០២២ នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។
សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុង មរ័ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។
ចំណែកជនរងគ្រោះមានឈ្មោះDionnet Pascal ភេទប្រុស
អាយុ៥៩ឆ្នាំ ជនជាតិបារាំង រងរបួសក្បាលផ្នែកខាងក្រោយ និងប្រពន្ធឈ្មោះ អ៊ុង ទូច អាយុ៥៥ឆ្នាំ(ត្រូវជាបងបង្កើតរបស់ជនសង្ស័យ)ដោយអ្នកទាំង២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យជាមួយបងស្រីបង្កើតមានទំនាស់ពាក្យសម្តីគ្នារឿងដីធ្លីយ៉ាងខ្លាំងរហូតឈានដល់ប្រើហិង្សាដោយជនសង្ស័យបានទាញ
យកបានពូថៅកាប់ទៅលើបងថ្លៃនិងបងស្រីបង្កើតបង្កការភ្ញាក់ដល់ក្រុមគ្រួសារនិងអ្នកភូមិចេញមកឃាត់និងរាយការណ៍មកសមត្ថកិច្ចទៅធ្វើអន្តរាគមន៍និងបានឃាត់ខ្លួនជនសង្ស័យមកសាកសួរ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន