កងទ័ពវិស្វកម្ម ទទួលបានអាវភ្លៀងជាអំណោយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ឧសភានេះ បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់កងទ័ពវិស្វកម្មអគ្គបញ្ជាការ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងម្លាំងប្រដាប់អាវុធកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីប្រវត្តិដ៏ជូរចត់ដែលមាតុភូមិ​កម្ពុជាធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម​ ការបែកបាក់ ពិសេសរបបប្រល័យពូជសាសន៍ និងបាន​រកឃើញ​មកវិញ​នូវ​សន្តិភាព តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន បង្កើតបានជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​បប្រទេសមាន​ការ​ចម្រើន​លើ​គ្រប់​វិស័យដល់សព្វថ្ងៃ។

«​​ជា​ភ័ព្វសំណាងកម្ពុជា ដោយមាន​មេដឹកនាំប្រកបដោយ​បញ្ញាញាណ​ឈ្លាសវៃ ពោរពេញ​ដោយ​បទពិសោធន៍ និង​ភាព​អង់អាច​ក្លាហាន គឺ សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ តាមរយៈ​ជោគជ័យនៃ​នយោបាយ ឈ្នះ ឈ្នះ ដែលមាន​ខ្លឹមសារ​ស្នូល ៣ ជាសំខាន់ គឺ ជីវិត កម្ម​សិទ្ធ និង​អាជីព​»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់​កងកម្លាំងទាំងអស់ ត្រូវយល់ដឹង​កាន់តែ​ជ្រាលជ្រៅ​ និងទូលំទូលាយ​ អំពីអត្ថន័យ នៃ​នយោបាយ ឈ្នះ ឈ្នះ ហើយខិតខំ​លើកកម្ពស់​មនសិកា​ស្នេហា​ជាតិ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស និង​រាំង​ស្កាត់​មិនឱ្យ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ចាប់ពី​អតីតកាលកើតមានសារជាថ្មី។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានលើកបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ពិសេសការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពសាំ ធ្វើឲ្យការឆ្លងមានសភាពធូរស្រាល និងកំពុងបើកសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។

ពាក់ព័ន្ធដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវសិក្សាស្វែងយល់ច្បាស់លាស់ពីក្រមសីលធម៌នៃច្បាប់បោះឆ្នោត និងចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានការគំរាមកំហែង និងអំពើហិង្សាផ្សេងៗកើតឡើង៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print