ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ ៤-១ ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋាន Thien Truong ទីក្រុង Nam Dinh ប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ ខែឧសភា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។
ក្រុមយុវជនគោព្រៃកម្ពុជា U23 បានបង្ហាញទម្រង់លេងល្អប្រសើររបស់ខ្លួនក្នុងការប្រកួតជាមួយ U23 ឡាវ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងតង់ទី១។ គ្រាប់បាល់បើកឆាកដំបូងរកបានដោយខ្សែប្រយុទ្ធ សៀង ចាន់ធា និង១គ្រាប់ទៀតរកបានដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករឡាវ ក្រោយពីកីឡាករសាទី របស់កម្ពុជាស៊ុតចំគោលដៅឡងត្រូវជើងខ្សែការពារឡាវ។ចូលដល់ការប្រកួតតង់ទី២ ក្រុមកម្ពុជាមានឱកាសវាយសម្រុកទៅមុខទីក្រុមឡាវ ហើយកីឡាករកម្ពុជារកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៦៣ដោយកីឡាករ គី រីណា និងនៅនាទីទី៧១ ដោយកីឡាករ អ៊ឹម សំអួន ដែលទើបនឹងប្តូរចូល។ ចំណែកក្រុមឡាវក៏រកបានមួយគ្រាប់សងវិញដែរនៅនាទីទី៦៧។ជ័យជម្នះនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំឡើងឈរលេខ១ក្នុងពូល B មាន៣ពិន្ទុនៅក្នុងដៃជាមួយក្រុមម៉ាឡេស៊ីដែលយកឈ្នះថៃ១ទល់០។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិសិង្ហបុរីនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែឧសភា ខណៈដែលក្រុមជម្រើសជាតិឡាវនឹងត្រូវប៉ះម៉ាឡេស៊ីនៅម៉ោង៧យប់ថ្ងៃដដែលនោះដែរ។
គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះក្នុងពូល B នេះកម្ពុជាត្រូវប៉ះថៃថ្ងៃទី១៤ និងប៉ះម៉ាឡាស៊ីថ្ងៃទី១៦ ដើម្បីប្រជែងយកក្រុមដែលខ្លាំងលេខ១ និងលេខ២ក្នុងពូលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA Game) លើកទី៣១នៅឆ្នាំនេះក្នុងវិញ្ញាសាបាល់ទាត់គឺពូលA មានដូចជា ហ្វីលីពីន, ម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈដែលពូល B មាន ឡាវ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងថៃ៕ (រូបភាព ៖ សហព័ន្ធបាល់ទាត់កម្ពុជា)