ភ្នំពេញ : សារលិខិតជូនពរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៏លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ
ផ្ញើជូនកងកម្លាំងនគរបាលជាតិ
ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងនគរបាលជាតិជាទីស្នេហា !
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គឺជាទិវាខួបអនុស្សាវរីយ៍ លើកទី៧៧ ថ្ងៃចាប់បដិសន្ធិអង្គប្រតិបត្តិ ច្បាប់ក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរម គោលកោដ្ឋ “ ដោយត្រូវបានប្រសិទ្ធនាមថា “ នគរបាលជាតិ ” ដែលមានតួនាទីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។
ស្ថិតក្នុងទិវាប្រកបដោយសិរីមង្គលនេះ តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ខ្ញុំសូមសម្តែង នូវការគោរពស្ញប់ស្ញែងចំពោះគុណូបការៈដ៏ធំធេង ដែលបុព្វបុរសរៀមច្បង រួមទាំងនិវត្តន៍ជននគរបាលជាតិ គ្រប់ជំនាន់ បានតស៊ូប្រកបដោយវីរភាពអង់អាច ក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដោយមិនគិតអំពី សេចក្តីសុខ និងអាយុជីវិតរបស់ខ្លួន កសាងនូវសមិទ្ធផលស្នាដៃជាច្រើនរាប់មិនអស់ ដើម្បីបុព្វហេតុសន្តិសុខ មាតុភូមិ។ សកម្មភាពប្រកបដោយឧត្តមគតិទាំងនោះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីមនសិការស្នេហាជាតិ ដែល គំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះបានក្លាយជាមេរៀន បទពិសោធន៍ បន្សល់ទុកឲ្យកងកម្លាំងនគរបាលជំនាន់ក្រោយ បន្តយកទៅរៀនសូត និងអនុវត្តតាម សំដៅលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងជាមូលដ្ឋានក្នុងការ អភិវឌ្ឍអង្គភាព។
ឆ្លៀតក្នុងឱកាសប្រកបដោយមោទនភាពនេះ ខ្ញុំសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយ ក្ដីនឹករឭក និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ចំពោះបងប្អូនកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែល កំពុងបំពេញភារកិច្ចយ៉ាងស្វាហាប់ ក្នុងបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ព្រមទាំងសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិ ដែលកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ ឬគេហដ្ឋាន សូមឆាប់បានជាសះស្បើយពីជំងឺដង្កាត់គ្រប់ប្រភេទ ដើម្បីបានវិល មករួមរស់ជាមួយក្រុមគ្រួសារ និងមកបំពេញការងារជូនអង្គភាពវិញ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណចំពោះ លោក លោកស្រី និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានលះបង់ស្វាមី ភរិយា បុត្រា បុត្រី សាច់ញាតិ ឲ្យចូល បម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត បង្កលក្ខណៈសម្បត្តិគ្រប់ បែបយ៉ាង ឲ្យពួកគាត់បានបំពេញភារកិច្ចជូនជាតិមាតុភូមិ ដែលគុណបំណាច់ដ៏ធំធេងទាំងអស់នេះ យើងខ្ញុំ សូមកត់ត្រា និងចងចាំទុកក្នុងដួងចិត្តមិនអាចបំភ្លេចបានឡើយ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី !
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិគ្រប់ជំនាញ គ្រប់លំដាប់ថ្នាក់ បានខិតខំតស៊ូពុះពារសម្រេចនូវស្នាដៃធំៗជាច្រើន ដោយបានប្រកៀកស្មាយ៉ាងជិតស្និទ្ធ ជាមួយកងយោធពលខេមរភូមិន្ទ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ស្របពេលជាមួយគ្នានេះយើងក៏បានបញ្ចៀស និងទប់ស្កាត់នូវអំពើភេរវកម្ម បង្ក្រាបបានទាន់ពេលវេលានូវ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបាននូវប្រក្រតីភាពជីវភាពសង្គម និង ការពារយ៉ាងរឹងមាំនូវស្ថាប័នកំពូលៗរបស់ជាតិ។ ឆ្នាំ២០២១ កន្លងទៅ គ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ព្រះវររាជមាតា ជាតិខ្មែរ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗប្រមាណ ១២.១៨០លើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង។ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម កាន់តែមាន ភាពល្អប្រសើរជាលំដាប់ ដោយបានកាត់បន្ថយបទល្មើសព្រហ្មទណ្ឌជារួមប្រមាណ ៦% ជាពិសេសលទ្ធផល បង្ក្រាបមានកម្រិតខ្ពស់រហូតដល់ ៩៣% ស្របពេលដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៧% អ្នកស្លាប់ថយចុះ ៩% និងអ្នករបួសថយចុះ ២៣%។
ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ពិសេសស្ត្រី និងកុមារ ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ល្បែងស៊ីសងគ្រប់ប្រភេទំ ក្មេង ទំនើង យុទ្ធនាការការពារធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ត្រូវបានសហការចាត់ តាំងអនុវត្តយ៉ាងសកម្មផុលផុស ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ការងារដែលកំពុងតែទទួលបាននូវ ជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅតាមសហគមន៍នោះគឺ ការបម្រើសេវាចាំបាច់ របស់នគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានផ្សាភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយពលរដ្ឋក្នុងនាមសេវាករ និងក្នុងនាម ជាកម្លាំងស្នូលក្នុងការជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលជាគោល នយោបាយជាតិដ៏មានអាទិភាព និងសក្តានុពលបំផុត។
ស្នាដៃលេចធ្លោនាឆ្នាំ២០២២ នេះគឺ ភាពជោគជ័យក្នុងការបំពេញតួនាទីក្នុងនាមជាម្ចាស់ផ្ទះន សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នៃបេសកកម្មជា ប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងអំពីសមត្ថភាពពោរពេញដោយបទពិសោធន៍របស់នគរបាលជាតិកម្ពុជា និង ជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកិត្តិយស កិត្យានុភាពជាតិក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ក្រៅពីកិច្ចប្រតិបត្តិការលើមុខជំនាញប្រចាំថ្ងៃ កងកម្លាំងនគរបាលជាតិក៏បានចូលរួមគ្រប់សកម្មភាព ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងមហន្តរាយនានា ពិសេសក្នុងអំឡុងពេល អនុវត្តយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋ ភិបាល និងអាជ្ញាធរដែនដី សំដៅការពារសុខភាពសាធារណៈ ក៏ដូចជាអាយុជីវិតរបស់ប្រជាពលរដ្ឋ និង សង្គមជាតិ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន !
ក្នុងអំឡុងឆ្នាំ២០២២ សភាពការណ៍សន្តិសុខសកលលោកនៅតែបន្តប្រែប្រួលប្រកបដោយភាព ស្មុគ្រស្មាញ ដែលហេតុការណ៍មួយចំនួនអាចជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលដល់ព្រះរាជាណាចក្រ កម្ពុជា។ ក្នុងអំឡុងពេលដូចគ្នានេះផងដែរ ព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន នឹងត្រូវរៀបចំប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជាទៀតផង។
ទន្ទឹមនេះបញ្ហាប្រឈមមួយចំនួន នៅតែបន្តកើតមានឡើងដូចជាបទឧក្រិដ្ឋឆ្លងដែន – បទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បទល្មើសបច្ចេកវិទ្យា ។ល។ ដែលព្រឹត្តិការណ៍ និងហេតុការណ៍ទាំងអស់នេះ ទាមទារចាំបាច់ឲ្យកងកម្លាំងនគរបាលជាតិបន្តលើក កម្ពស់ស្មារតីប្រុងប្រយ័ត្ន ខិតខំប្រឹងប្រែងអនុវត្តឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ នូវរាល់ផែនការ វិធានការ ក៏ដូចជា យុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យបរិយាកាសសង្គមមានភាពកក់ក្ត មានលក្ខណៈសម្បត្តិល្អប្រសើរ បម្រើឲ្យព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិទាំងនេះ។
ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តដល់ បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់ នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងមានមនសិការវិជ្ជាជីវៈខ្ពស់។ ទន្ទឹមនេះក៏ត្រូវបន្តការប្រុង ប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និង វិធានការ “ ៣ការពារ ៣កុំ ” ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើជាគំរូល្អដល់សាធារណជន។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីនឹករឭក I
ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះវីរភាព និងការលះបង់ យ៉ាងធំធេងប្រកបដោយស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ ព្រមទាំងសូមសម្ដែង នូវសមានចិត្តប្រកបដោយកតញ្ញូកតវេទីឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសរៀមច្បងគ្រប់ជំនាន់ ដែល បានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកន្ធត្តម លោកជំទាច លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លា ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សុខ ខេមរា