សហរដ្ឋអាមេរិក ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើការជាមួយក្រសួងមហាផ្ទៃក្នុងការរៀបចំបើកផ្ដល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរដល់អនិកជនខ្មែរដែលរស់នៅអាមេរិកដើម្បីសម្រួលការត្រលប់ទៅកាន់កម្ពុជា ការទិញដូរអចលនទ្រព្យ ឬបោះឆ្នោតនៅកម្ពុជា។
ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាជាង២ពាន់នាក់នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ធ្វើការនេះឱ្យបានសម្រេច។
សម្ដេចថា៖ «ក្រសួងការបរទេសមានផ្នែកកុងស៊ុល ក្រសួងមហាផ្ទៃមានផ្នែកអន្តោប្រវេសន៍និងអត្តសញ្ញាណកម្មជាពិសេសគឺផ្នែកអត្តសញ្ញាណកម្មគឺបងប្អូនមកនេះអត់មានសញ្ញាតិខ្មែរទេ ព្រោះមកតាំងពីតូច ឬមកអីអត់មានឈ្មោះក្នុងបញ្ជីនៅក្នុងស្រុកទេ។ អញ្ចឹងត្រូវធ្វើមិចឱ្យបងប្អូនមានអត្តសញ្ញាណបណ្ណខ្មែរបាន»។
ទោះជាយ៉ាងណាសម្ដេចបញ្ជាក់ថា នៅពេលពលរដ្ឋខ្មែរទទួលបានអត្តសញ្ញាណបណ្ណរួចហើយសូមកុំចាញ់ការឃោសនារបស់ក្រុមប្រឆាំងរដ្ឋាភិបាលក្នុងការទាមទារការបោះឆ្នោតតាមប្រៃសណីយ៍ដែលសម្ដេចថាជាការខុសឆ្គងដ៏ខ្លាំងមួយ។
សម្ដេចបញ្ជាក់ថា បើសិនជាពលរដ្ឋខ្មែរអាមេរិកាំងចង់ទៅបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះ និងបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
សម្ដចតេជោថា៖ «អញ្ចឹងបើចង់មានសិទ្ធិបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតដែលក្នុងមួយឆ្នាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដូចជាប្រើពេល ៣ខែដើម្បីពិនិត្យ និងចុះឈ្មោះអ្នកដែលដល់អាយុបោះឆ្នោត និងលុបឈ្មោះចេញនូវអ្នកដែលមរណភាព។ អញ្ចឹងពេលហ្នឹងយើងទៅចុះឈ្មោះនឹងគេទៅដូចជាចង់បោះឆ្នោតនៅទីក្រុងភ្នំពេញ យើងចុះឈ្មោះក្នុងសង្កាត់ណាមួយនៅក្នុងទីក្រុងភ្នំពេញយើងមានសិទ្ធិបោះឆ្នោតជ្រើសរើសចៅសង្កាត់ហ្នឹងផង យើងមានសិទ្ធិបោះឆ្នោតតំណាងរាស្ត្រនៅក្នុងមណ្ឌលភ្នំពេញផង»។
សម្ដេចបញ្ជាក់បន្ថែមថា៖ «សូម្បីតែការបោះឆ្នោតសព្វថ្ងៃម៉ោង ៧ព្រឹកបើកហិបឆ្នោត ម៉ោង៣ល្ងាចចាក់សន្លឹកឆ្នោតរាប់មើលទាំងអស់គ្នាគេថាឯងបន្លំសន្លឹកឆ្នោតទៀតចុះទំរាំផ្ញើតាមកប៉ាល់ហោះពីអាមេរិកទៅស្រុកខ្មែរតើវាចោទគ្នាយ៉ាងមិច! អ្នកបោកគឺបោករបៀបអញ្ចឹង ដូចនេះខ្ញុំត្រូវវែកមុខអាអ្នកបោកហ្នឹង!»។
សូមបញ្ជាក់ថា , បងប្អូនប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដា សម្តែងមតិគាំទ្រចំពោះវត្តមានរបស់ សម្តេចតេជោ លើទឹកដីអាមេរិក ។ បងប្អូនប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដា សម្តែងមតិគាំទ្រចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី) ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធាន កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។
រូបភាពជាច្រើន បានបង្កប់អត្ថន័យដ៏ជ្រៀលជ្រៅបំផុត…! ទំហំទឹកចិត្ត នៃក្តីស្រលាញ់ របស់ប្រទេសពលរដ្ឋខ្មែរនៅ សហរដ្ឋអាមេរិច គោរព ស្រឡាញ់ សម្តេចតេជោ ហ៊ុនសែន ខុសពីអ្វីដែលក្រុមប្រឆាំងតែងបង្កើតព័ត៌មានបំភ្លើស ញុះញង់អោយខ្មែរបែកបាក់គ្នា ។ ទីបំផុត បងប្អូនប្រជាពលរដ្ឋយើងនៅឆ្ងាយៗសុខចិត្តធ្វើដំណើរ ចំណាយពេលមកជួបសម្តេច នៅវ៉ាស៊ីនតោនឌីស៊ី។
សម្តេច គឺប្រហែលជាអ្នកដឹកនាំជាតិខ្មែរដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលធ្វើឱ្យ «មហាគ្រួសារខ្មែរ» គ្រប់ទិសទី បានជួបជុំគ្នាដ៏ច្រើនសន្ធឹកសន្ធាប់កុះករបែបនេះ។
#សករាជខ្មែរសាមគ្គី #ខ្មែររុងរឿង #អរគុណសន្តិភាព៕
ដោយ: សិលា