ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយ ទូលំទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា «សៀវភៅស ការពារជាតិ» បានធ្វើឱ្យសម្តេចនឹកឃើញដល់ចំណុចចាប់ផ្តើមដ៏លំបាកក្នុងការកសាងគោលនយោបាយការពារជាតិលើកដំបូង នៅក្នុងកាលៈទេសៈដែលកំសួលនៃភ្លើងសង្គ្រាម នៅកម្ពុជា មិនទាន់បានរលត់ទាំងស្រុងនៅឡើយ។ ម្យ៉ាងទៀត ការព្យាយាមស្វែងរកការគាំទ្រដល់ការកសាងយុទ្ធសាស្ត្រការពារជាតិបើកជំហរបែបនេះមិនមែនជាការងាយស្រួលនោះទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «សៀវភៅស ការពារជាតិ» ដែលបានខិតខំអស់រយៈពេលជាច្រើនសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ និងសូមថ្លែងអំណរគុណចំពោះតួអង្គមួយចំនួនផ្សេងទៀត ដូចជានាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអ្នកផ្តួចផ្តើមតាំងពីដំបូងមក ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការចក្ខុវិស័យអាស៊ី ក្រសួងការពារប្រទេសអូស្ត្រាលីជាដើម ដែលបានផ្ដល់នូវទស្សនវិស័យ ជំនួយបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់ក្រុមការងារនៅក្នុងដំណើរការចងក្រង «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» នេះផងដែរ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា៖ «រហូតមកដល់បច្ចុប្បនេះ ឯកសារគោលនយោបាយការពារជាតិ ដែលយើងតែងតែហៅថា «សៀវភៅស ការពារជាតិ» ផ្ដល់តម្លៃ និងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើងទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិ វាជាកម្រងផែនយុទ្ធសាស្ត្ររយៈពេលវែង ដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខន ព្រះរាជាណាចក្រកម្ពុជាទាំង
មូល។ ដូចនេះ ការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងត្រូវអនុលោមតាមគោលនយោបាយនេះ។ ម្យ៉ាងទៀត គោលនយោបាយការពារជាតិនេះ កំពុងក្លាយជាតម្រូវការសំខាន់ និងចាំបាច់សម្រាប់ការកសាងផែនការយុទ្ធសាស្រ្តផ្សេងៗទៀតដូចជា
៖ ផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំជាដើមធ្វើយ៉ាងណាឱ្យការរៀបចំធនធានសមស្រប និងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែចាត់ទុក «សៀវភៅស ការពារជាតិ» ជាត្រីវិស័យសម្រាប់កងកម្លាំងប្រដាប់អាវុធនៅក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសនៅក្នុងដំណើរការកែទម្រង់យោធាការលើកកម្ពស់សមត្ថភាពកងទ័ព និងកិច្ចទំនាក់ទំនងការទូតអន្តរជាតិ សម្រាប់មជ្ឈដ្ឋានអន្តរជាតិ «សៀវភៅស ការពារជាតិ» គឺជាការឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់កម្ពុជា នៅក្នុងការរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការកសាងតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមក។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បានបន្តថា «សៀវភៅសការពារជាតិ ឆ្នាំ២០២២» បានកំណត់អាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើន សំដៅលើកំណែទម្រង់យោធា ដែលរួមបញ្ចូលទាំងការធ្វើទំនើបកម្មក្នុងវិស័យនានា៕
ដោយ : សហការី