សហរដ្ឋអាមេរិក : ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោក Antony Blinken រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា, កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិក និងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយ ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និង កសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះ នៅ តែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហការយ៉ាងសមស្រប ក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ជាសមាជិក។
ក្នុងពេលនៃការប្រារព្ធខួបលើកទី៤៥ នៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន សហរដ្ឋ អាមេរិក។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹង ប្រែងស្ដារឡើងវិញ ពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាព ក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើម សុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំង និងប្រកបដោយនិរន្តភាព សម្រាប់ ការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ការលើកទឹកចិត្តដល់វិនិយោគ ក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគ ក្នុងការពង្រឹងប្រព័ន្ធសុខភាព ឲ្យបានរឹងមាំថែមទៀត តាមរយៈ ការគ្របដណ្ដប់ សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋម និងកម្លាំងការងារ សុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព។
ការលើកកម្ពស់ទំនាក់ ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តភាព៕