ខេត្តរតនគិរី ៖ បុរសប្រមឹកម្នាក់ដោយសារតែខឹងនឹងប្រពន្ធកូនមិនសូវយកចិត្តទុកដាក់ជាមួយខ្លួនទុកឱ្យនៅម្នាក់ឯងក៏បែកគំនិតយកដបសាំងដើរដុតបំផ្លាញផ្ទះចាំចម្ការរបស់កូនបង្កើតនិងអ្នកជិតខាងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនៅក្បែរនោះ ហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងចាត់ការបន្ត។
ការឃាត់ខ្លួនជនប្រមឹកដើរដុតផ្ទះកូននិងអ្នកដទៃនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នៅចំណុចផ្ទះចម្ការស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ហើយការឃាត់ខ្លួនជនបង្កគ្រោះអគ្គិភ័យនោះគឺដោយសារតែគេតែងធ្វើសកម្មភាពនៅពេលស្រវឹងស្រាខ្លាំង រួចបែកគំនិតយកដបសាំងចាក់ដុតផ្ទះចាំចម្ការរបស់កូន ហើយនៅវេលាម៉ោង២០ៈ៣០នាទីនាថ្ងៃទី១១ខែឧសភាឆ្នាំ២០២២ក៏បានដុតផ្ទះអ្នកជិតខាងឆេះអស់ទាំងស្រុងទៀតស្ថិតនៅក្នុងឃុំខាងលើ។
ប្រភពពីមន្ត្រីអធិការដ្ឋាននគរបាលស្រុកលំផាត់បានឱ្យដឹងថា ពេលចុះធ្វើការឃាត់ខ្លួនបុរសរូបនេាះគឺមានការសម្របសម្រួលនីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីផងដែរ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ សុន ថេន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើហើយជាជនញៀនស្រាសស្រាថ្នាំជាប្រចាំដែលគាត់មិនសូវរវីរវល់កិច្ចការងាររកសុីអ្វីទេ ពោលគឺព្រលឹមឡើងចេញដើរផឹកព្រលប់ចូលផ្ទះ។
ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះដែលត្រូវជនប្រមឹកដុតកម្ទេចចោលនោះមានឈ្មោះ នួន សុខលី ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ បានខូចខាតផ្ទះនិងទ្រព្យសម្បត្តិអស់ទាំងស្រុង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ដោយសារតែខ្លួនធ្លាក់ក្នុងសភាពបែបនេះទើបទាំងប្រពន្ធនិងកូន គេលែងរវីរវល់នាំគ្នាចេញទៅធ្វើការបាត់ៗព្រលឹមបាត់ព្រលប់ចូល (ដើម្បីជីវភាពទៅធ្វើការសុីឈ្នួលនៅក្រុមហ៊ុនចម្ការចេក ដូនពេញ អាហ្គ្រីកូ ហ័ងអញ់យ៉ាឡាយ)ទុកទុកខ្លួនឱ្យនៅតែម្នាក់ឯងចាំផ្ទះចម្ការទើបខឹងក្រោធគិតផ្តេសផ្តាស់បែបនេះ ។
ជនសង្ស័យសារភាពបន្តថា កាលពីវេលាម៉ោង២០ៈ៣០នាទីថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ខ្លួនក៏ធ្លាប់បានយកសាំងកន្លះលីត្រនិងពោះវៀនម៉ូតូចាស់ៗទៅចាក់ដុតផ្ទះរបស់ឈ្មោះថេន រាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើតរបស់ខ្លួនឆេះខ្ទេចអស់ទាំងស្រុងគ្មានសល់ម្តងដែរ ហើយក្នុងនោះក៏មានការបាត់បង់សម្ភារនិងខូចខាតរួមមាន៖ ផ្ទះ១ខ្នងទំហំ ទទឹង៥ម៉ែត្រ បណ្តោយ៦ម៉ែត្រធ្វើអំពីឈើប្រក់សង័្កសី និងម៉ាសុិនកាត់ស្មៅ២គ្រឿង, ម៉ាសុីនបាញ់ថ្នាំ១គ្រឿង, ម៉ូទ័របាញ់ថ្នាំ១គ្រឿង, ផ្ទាំងសូឡា១ផ្ទាំង, ចានឆ្នាំង, សម្លៀកបំពាក់ប្រមាណជាង៣០កំប្លេផងដែរ។
ប្រភពបន្តទៀតថា ដោយសារតែមានជាប់ឈាមជ័រជាឪពុកបង្កើត កូនក៏មិនមានការប្តឹងផ្តល់អ្វីទេ សុខចិត្តខន្តីអភ័យទោសជូនគាត់ឱ្យរួចខ្លួនរហូតមក។
តែទោះជាយ៉ាណារហូមកដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២នេះបុរសស្រវឹងខួបម្នាក់នេះពុំរាងចាលក៏នៅតែប្រព្រឹត្តទង្វើដដែលដោយរួមផ្សំមានជំងឺផ្នែកស្មារតីទាក់ទងសរសៃប្រសាទ(ខួរក្បាលរបស់គាត់មានបញ្ហា)ផងនោះក៏យកសាំងមកដុតផ្ទះចម្ការអ្នកដទៃបន្តទៀត ទើបកម្លាំងអធិការដ្ឋានចុះឃាត់ខ្លួនភ្លាមៗតាមពាក្យបណ្តឹងរបស់ជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួននៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២២នេះទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធី៕
ដោយ ជីវ័ន្ត