រថយន្តព្រូស បុករថយន្តហ្វដ កំពុងឈប់ភ្លើងស្តុបពីក្រោយរងការខូចខាត រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចដេញឃាត់បានមកវិញ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius មួយគ្រឿងជ្រុលទៅបុករថយន្ត Ford Territory ពីក្រោយពេញទំហឹងខណៈដែលរថយន្តនេះកំពុងឈប់រង់ចាំភ្លើងពណ៌ខៀវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់អាយុវជីវិតមនុស្សឡើយ ។ ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបី តាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចដេញឃាត់បានមកវិញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Territory មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BR-3159ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ១៨២បានឈប់ចាំភ្លើងស្តុបពណ៌ខៀវ ខណៈនោះក៏មានបុរសម្នាក់បើករថយន្តToyota Prius មួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AZ-1059 ធ្វើដំណើរស្របគ្នាមកពីក្រោយជ្រុលទៅបុករថយន្ត Ford Territory ពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន ភ្លាមនោះរថយន្តToyota Prius មិនបានឈប់ធ្វើការដោះស្រាយគ្នាទេគឺបានព្យាយាមបើករត់រហូតដល់ផ្លូវលេខ៥៩៨ ចំណុចភ្លើងស្តុបត្រឡោកបែកត្រូវបានសមត្ថកិច្ចដេញឃាត់បាន រួចយកមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឱ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ដោយភាគីបង្កបានចេញសំណងចំនួន៤០០ដុល្លារទៅឱ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print