ណាតូចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំមានឈ្មោះថា ‘Hedgehog 2022’ ដោយមានការចូលរួមពីប្រទេសជាដៃគូនៅ Estonia ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នេះជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសក្នុងតំបន់ Baltic។
អង្គការណាតូបានប្រកាសថា សមយុទ្ធមានការចូលរួមពីកម្លាំងទាហាន១៥.០០០នាក់មកពី ១៤ប្រទេសក្នុងនោះមានប្រទេសមិនមែនជាសមាជិករបស់ណាតូ នោះឡើយ។ ចំណុចដែលចាប់អារម្មណបំផុតនោះគឺទីតាំងធ្វើសមយុទ្ធនៅចម្ងាយពីប្រទេសរុស្ស៊ីតែ៦០គីឡូម៉ែត្រប៉ុណ្ណោះ ។ តាមគម្រោងសមយុទ្ធ រួមមានទាំងនៅលើដែនអាកាស ដែនគោក និងដែនទឹក ព្រមទាំងការហ្វឹកហាត់សង្គ្រាមនៅលើបណ្តាញទៀតផង។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយ នៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីអាចនឹងព្យាយាមគូសបន្ទាត់ព្រំដែន អ៊ុយក្រែនឡើងវិញ តែបណ្ដាប្រទេសលោកខាងលិចនឹងមិនបណ្តោយឱ្យរុស្ស៉ីចាត់ចែងសន្តិភាពដោយបង្ខំលើអ៊ុយក្រែននោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីសប្តាហ៍មុនថាទីក្រុងកៀវនឹងមិនដោះដូរទឹកដីរបស់ខ្លួនជាមួយរុស្ស៉ីដើម្បីសន្តិភាពឡើយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី RAI ដោយមានការបញ្ជាក់ថា រូបលោកត្រូវបានប្រធានាធិបតីបារាំង លោក Emmanuel Macron ស្នើសុំឱ្យពិចារណាធ្វើដូច្នេះ។ ប៉ុន្តែ រដ្ឋាភិបាលបារាំងបានច្រានចោលការលើកឡើងបែបនេះ។
ជុំវិញការលើកឡើងនេះ លោក សូលហ៍ បានគូសបញ្ជាក់ដូច្នេះថា «របៀបកែប្រែព្រំដែនបែបនេះ នឹងមិនត្រូវបានទទួលស្គាល់ដោយលោកខាងលិចទេ ប្រសិនបើអ៊ុយក្រែនជំទាស់។ ផ្លូវតែមួយគត់សម្រាប់រុស្ស៊ី គឺឈានរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន តែមិនមានន័យថាជាការដោះដូរយកទឹកដីដើម្បីចុះហត្ថលេខាទេ»។ លោកបន្ថែមថា «ជម្លោះនៅអ៊ុយក្រែនក៏មិនដូចករណីនៅតំបន់គ្រីមៀ (Crimea) ដែរ ដែលមានន័យថានៅពេលសង្រ្គាមបានបញ្ចប់ នោះគឺគ្មានការបាញ់ប្រហារទៀតទេ»៕ ដោយធីរីណា
រូបថត : REUTERS