ខេត្តស្វាយរៀង៖លោកលឹមសៀងហេង អភិបាលក្រុងបាវិត ស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។
ការស្នើរបែបនេះធ្វើឡើងនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ក្នុងឱកាសដែលលោកនិងលោកចៅសង្កាត់បាវិត ព្រមទាំងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលការឈូសឆាយនិងចាក់ក្រាលថ្មមិចពង្រីកធ្វើផ្លូវលំប្រវែង១២០០ម៉ែត្រនៅភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកក៏បានស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។
លោក លឹម សៀងហេង បានបន្តថា ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបាវិតលើ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង រូបលោកបានគៀងគរសប្បុរសជននានាក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានបានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែង១២០០ម៉ែត្រ ទទឹង ប្រវែង ៨ ម៉ែត្រព្រមទាំងការដាក់ប្រព័ន្ធលូបង្ហូរទឹកថែមទៀតផង ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះគឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានាជាពិសេសគឺក្រុមការងារចុះជួយភូមិបាវិតលើ សង្កាត់បាវិតនេះតែម្តង ។
លោក លឹម សៀងហេង បានឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ហើយនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។
លោកបានបន្ថែមទៀតថា សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយលោក ក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកានិងសំភារៈក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវផងដែរ។
បងប្អូនប្រជាពលដែលរដ្ឋរស់នៅភូមិបាវិតលើក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ ខេត្ត ក្រុង សង្កាត់ ដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានសមិទ្ធផលជាច្រើននៅក្នុងក្រុងបាវិតដូចយើងបានឃើញនាថ្ងៃនេះហើយដែរ។