ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមេការសំណង់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ២.បទល្មើស

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតលោក សាន ប៊ុនធឿន ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ រសៀលថ្ងៃទី១៩ ខែឧសភា នេះបានសម្រេចឃុំខ្លួនមេការសំណង់ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ដោយមានការចោទប្រកាន់ចំនួន២ បទល្មើស ក្នុងសំណុំរឿងផ្សេងទៀតផង ។

ជនជាប់ចោទត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន.ពោលគឺទិញសម្ភារៈ គ្រឿងសំណង់ហើយមិនសងលុយគេ ។

ជនជាប់ចោទ ឈ្មោះ ម៉ង់ សាម៉ន ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ១២០ ផ្លូវ២៨ សង្កាត់សំរោងក្រោ ម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

អង្គហេតុនៃការចាប់បញ្ជូនខ្លួនមេការសំណង់ម្នាក់នោះបញ្ជូនទៅតុលាការ សំណុំរឿងនេះត្រូវដើមគេប្តឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ម៉ង់ សាម៉ន ជាអ្នកម៉ៅការសំណង់ បានទៅទាក់ទងទិញគ្រឿងសំណង់របស់ដើមបណ្តឹងជាបន្តបន្ទាប់ សរុបទឹកប្រាក់ចំនួន ៦ ៧០០ ដុល្លារអាមេរិក ដែលការទិញគ្រឿងសំណង់នោះមេការមិនទាន់បានទូទាត់ប្រាក់ឲ្យម្ចាស់បំណុលភ្លាមៗទេ ចេះតែសុំពន្យាពេលម្តងហើយម្តងទៀត ។

រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ ដើមបណ្តឹងបានណាត់ជួបមេការ(ម៉ង់ សាម៉ន)ដើម្បីសួរនាំលុយជំពាក់ថ្លៃគ្រឿងសំណង់នោះ ពេលជួបគ្នាមេការសំណង់បានចេញមូលប្បទានបត្រ(សែក)មួយសន្លឹកដែលមានទឹកប្រាក់ ៧ ៦០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹង សម្រាប់យកទៅបើកនៅធនាគារ ABA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។

លុះដល់ថ្ងៃកំណត់ដើមបណ្តឹងបានយកមូលប្បទានបត្រនោះទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា សែកនេះគ្មានសាច់ប្រាក់ទេ គឺជាសែកស្អុយ ហើយចាប់ពីពេលនោះមក មេការសំណង់ឈ្មោះ ម៉ង់ សាម៉ន ក៏បានគេចវេសពីម្ចាស់បំណុលមិនព្រមរកការដោះស្រាយ ទើបបានដើមបណ្តឹងប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕ ដោយរ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print