បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូកង់បីឥណ្ឌាទៅបុករថយន្តស្ទួចដឹកសសរបេតុងពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរបួសបែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូកង់បីឥណ្ឌាទាំងខ្លួនស្រវឹងស្រា ហើយធ្វើដំណើរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស្ទួចដឹកសសរបេតុងពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសបែកក្បាលហូរឈាមពេញខ្លួន កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត(២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគឺ មានបុរសម្នាក់បានបើករថយន្តស្ទួចដឹកសសរបេតុង ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-1660 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុក៏បានអែបខាងដាក់សុីញ៉ូសុំផ្លូវត្រឹមត្រូវ រួចចុះពីរថយន្តឆ្លងផ្លូវទៅការដ្ឋានមួយកន្លែង ។ ភ្លាមៗនោះក៏មានបុរសម្នាក់ស្រវឹងស្រា បានបើកម៉ូតូកង់បីឥណ្ឌា មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IK-6413 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ក៏បុករថយន្តស្ទួចដឹកសសរបេតុងពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាខ្ទេចផ្នែកខាងមុខជាខ្លាំង និងធ្វើឲ្យសសរបុកចំក្បាលតៃកុងម៉ូតូកង់បីឥណ្ដាបែកក្បាលហូរឈាមពេញខ្លួនផងដែរ ។

     ក្រោយកើតហេតុភ្លាមៗ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនបានចុះមកដល់ និងបានជួយរុំរបួសក្បាលជនរងគ្រោះដើម្បីទប់ឈាមកុំឲ្យហូរថែម។ បន្ទាប់មកភាគីរថយន្តស្ទួចដឹកសសរបេតុងក៏បាននិយាយដោះស្រាយជាមួយម្ចាស់ម៉ូតូកង់បីឥណ្ឌា ដោយសុំស្មើគ្នា ពីព្រោះម្ចាស់រថយន្តបានចតសុំផ្លូវត្រឹមត្រូវ រីឯម្ចាស់ម៉ូតូកង់បីឥណ្ឌាក៏ស្រវឹងស្រាខ្លាំងមកបុករថយន្តពីក្រោយ ។ មួយសន្ទុះក្រោយមក ភាគីទាំងសងខាងក៏យល់ព្រមស្មើគ្នា រួចបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕ ដោយ ៖ ភារ៉ា ដង្កោ

IMG_4752 IMG_4750 IMG_4751 IMG_4755

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print