ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius ក្នុងល្បឿនលឿនហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនី
រ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BL-9156 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃច្រងាងៗ ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរបានប្រញាប់ទៅមើលក៏ឃើញបុរសម្នាក់នៅជាប់ក្នុងរថយន្តបង្ក រួចនាំគ្នាប្រញាប់យកកូនកាំបិតកាត់ខ្សែក្រវាត់ចេញទើបយកតៃកុងចេញបានដោយសុវត្ថិភាព និងមិនរងរបួសធ្ងន់ធ្ងរនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ