នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួនទទួលបានវិជ្ជមាននៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ ជាលើកដំបូង ក្រោយពេលមានករណីគ្រុនក្តៅកើនឡើងជាង ២លាននាក់ហើយនោះ។
សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) បានផ្សាយថា នៅថ្ងៃទី ១៩ខែឧសភា កូរ៉េខាងជើងបានរកឃើញករណីគ្រុនក្តៅបន្ថែម ជាង២៦៣ពាន់នាក់ និងស្លាប់២នាក់ ធ្វើឱ្យចំនួនអ្នកគ្រុនក្តៅ ជាង២,២៤លាននាក់ ក្នុងនោះមានអ្នកស្លាប់សរុប៦៥នាក់។ កូរ៉េខាងជើងមិនបានប្រកាសពីតួលេខនៃការឆ្លងកូវីដ-១៩នោះឡើយ ដោយគ្រាន់តែប្រកាសពីចំនួនអ្នកគ្រុនក្តៅដែលជាអាការៈនៃការឆ្លងកូវីដ-១៩។
ក្នុងពេលករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ហើយប្រភពផ្គត់ផ្គង់ក្នុងវិស័យសុខាភិបាលថយចុះនោះ ពិសេសគឺការខ្វះវ៉ាក់សាំង អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមាន ថា ពលរដ្ឋកូរ៉េខាងជើង២៥លាននាក់អាចប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំ។ ជាមួយគ្នានេះដែរអង្គការសុខភាពពិភពលោកក៏បានបង្ហាញពីក្តីបារម្ភចំពោះការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ ដោយបានស្នើផ្តល់ជំនួយសុខាភិបាលដល់ប្រទេសនេះ។
កន្លងមកកូរ៉េខាងជើងបានបញ្ជូនយន្តហោះ៣គ្រឿងទៅដឹកទំនិញ មកពីប្រទេសចិន ក្នុងពេលដែលទីក្រុងព្យុងយ៉ាងកំពុងតែចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នៅពេលនេះ គេមិនទាន់ដឹងថា យន្តហោះកូរ៉េខាងជើងដឹកទំនិញអ្វីនោះឡើយ៕ ដោយ: ធីរីណា
រូបថត : KCNA